{"asset":"news","key":"9730","locale":"km","id":"news:9730:km","entityId":"news:9730","canonicalUrl":"https://www.kps-tv.com/km/news/detail/9730","state":"ready","title":"កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អម “ហ្រ្វង់កូតិច-FrancoTech” ជំរុញនវានុវត្តន៍ឌីជីថល ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦","summary":"ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក. ប.","body":"ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកិច្ចការនារី គ្រោងរៀបចំព្រឹត្តិការណ៍អម «ហ្រ្វង់កូតិច (FrancoTech)» ក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្រោមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល ដោយមានកិច្ចសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធនិយោជកនិយាយភាសាបារាំង និងដៃគូពាក់ព័ន្ធ។\n\nFrancoTech 2026 នឹងក្លាយជាវេទិកាប្រមូលផ្តុំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល អ្នកជំនាញ ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងធុរកិច្ចថ្មីមកពីប្រទេសនិយាយភាសាបារាំង ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាទំនើប ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគរវាងសហគមន៍ហ្វ្រង់កូហ្វូនី និងអាស៊ាន។ កម្មវិធីសំខាន់ៗរួមមាន ពិព័រណ៍បច្ចេកវិទ្យានិងនវានុវត្តន៍ ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល វេទិកាវិនិយោគ ការផ្គូផ្គងធុរកិច្ច និងវេទិកាពិភាក្សាលើប្រធានបទសំខាន់ចំនួន៧ រួមមាន បញ្ញាសិប្បនិម្មិត (AI) និងអភិបាលកិច្ច រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិយាបន្នហិរញ្ញវត្ថុ បច្ចេកវិទ្យាកសិកម្មនិងសន្តិសុខស្បៀង ធុរកិច្ចថ្មីឌីជីថលនិងនវានុវត្តន៍ ស្ត្រីក្នុងវិស័យនវានុវត្តន៍ និងបច្ចេកវិទ្យាសម្រាប់ទេសចរណ៍និងវប្បធម៌។\n\nជាមួយគ្នានេះ ក.ប.ទ. និងក្រសួងកិច្ចការនារី បានអំពាវនាវដល់ក្រសួង-ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល ចូលរួមតាំងបង្ហាញថ្នាល សេវា ដំណោះស្រាយ និងបច្ចេកវិទ្យាឌីជីថលរបស់ខ្លួនជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ស្ថាប័នទាំងពីរក៏បានអញ្ជើញថ្នាក់ដឹកនាំ ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជនទូទៅ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ទទួលបានចំណេះដឹង និងស្វែងរកឱកាសថ្មីៗក្នុងវិស័យឌីជីថល និងនវានុវត្តន៍។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10787","languageVersionId":"2276","visibilityVersion":"5","versionToken":"a1.n4zAIuqtLXBI1T_aFdpg5Zefzv3mwxv_6JARJzgknlQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-10T04:18:09Z"}