{"asset":"news","key":"9833","locale":"km","id":"news:9833:km","entityId":"news:9833","canonicalUrl":"https://www.kps-tv.com/km/news/detail/9833","state":"ready","title":"អភិបាលខេត្តកំពតចេញបញ្ជាបន្ទាន់ បិទទីតាំងមានបញ្ហានៅឆ្នេរកោះស្មៅក្រោយមានប្រតិកម្មពីប្រជាពលរដ្ឋ","summary":"តំបន់ឆ្នេរកោះស្មៅ ដែលជាកន្លែងកម្សាន្តសាធារណៈដ៏ពេញនិយមមួយ ស្ថិតក្នុងខេត្តកំពត ពេលនេះត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្នហើយ។ វិធានការយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្រោយពីមានការប្រតិកម្ម និងការចែករំលែកព័ត៌មានយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមជុំវិញបញ្ហាប្រឈមផ្សេងៗដែលកើតមានឡើងនៅទីតាំងផ្ទាល់។","body":"តំបន់ឆ្នេរកោះស្មៅ ដែលជាកន្លែងកម្សាន្តសាធារណៈដ៏ពេញនិយមមួយ ស្ថិតក្នុងខេត្តកំពត ពេលនេះត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្នហើយ។ វិធានការយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្រោយពីមានការប្រតិកម្ម និងការចែករំលែកព័ត៌មានយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមជុំវិញបញ្ហាប្រឈមផ្សេងៗដែលកើតមានឡើងនៅទីតាំងផ្ទាល់។\n បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាម ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចេញបញ្ជាផ្ទាល់ឱ្យមានការបិទទីតាំងដែលមានបញ្ហានោះចោលភ្លាមៗ។ យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ សហការយ៉ាងសកម្មជាមួយអាជ្ញាធរឃុំជុំគ្រៀល បានចុះដល់ទីតាំងផ្ទាល់ និងអនុវត្តតាមបទបញ្ជានេះយ៉ាងតឹងរ៉ឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ។\n\n ជាចុងក្រោយ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការអះអាង និងពន្យល់សាជាថ្មីថា ឆ្នេរកោះស្មៅ គឺជា «ឆ្នេរសាធារណៈ» ដែលត្រូវបានបង្កើត និងរៀបចំឡើងដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន ក្នុងគោលបំណងទុកជាឧត្តមប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកលេងកម្សាន្តដោយសេរី និងស្មើភាពគ្នា។ ជាមួយគ្នានោះដែរ អាជ្ញាធរក៏បានបង្ហាញភាពទន់ភ្លន់ ដោយបានថ្លែងអំណរគុណ និងសូមអភ័យទោស ក៏ដូចជាអធ្យាស្រ័យយ៉ាងជ្រាលជ្រៅចំពោះរាល់ផលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ។","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11601","languageVersionId":"3732","visibilityVersion":"4","versionToken":"a1.EiUXZnbT9-FyClTbqKVbINaCsAcuOTlHzHQghKcuTiM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-13T04:29:26Z"}