{"asset":"news","key":"9945","locale":"km","id":"news:9945:km","entityId":"news:9945","canonicalUrl":"https://www.kps-tv.com/km/news/detail/9945","state":"ready","title":"យុទ្ធសាស្រ្តជួញដូរគ្រឿងញៀនថ្មី! ចាប់ខ្លួនស្រ្តីម្នាក់ បន្ទាប់ពីរកឃើញលាក់ «កូកាអ៊ីនរាវ» ក្នុងដបសាប៊ូកក់សក់","summary":"ប៉ូលិសឥណ្ឌូណេស៊ី បានចាប់ខ្លួនស្រ្តីជនជាតិប្រេស៊ីលវ័យ ៣៦ ឆ្នាំម្នាក់ នៅលើកោះបាលី ក្រោមការសង្ស័យពាក់ព័ន្ធនឹងបទល្មើស លួចនាំចូលសារធាតុញៀនប្រភេទកូកាអ៊ីនរាវ ទម្ងន់ជាង ៣,៦ គីឡូក្រាម ចូលមកក្នុងប្រទេសឥណ្ឌូណេស៊ី ដោយលាក់ទុកក្នុងដបសាប៊ូកក់សក់ និងផលិតផលថែរក្សារាងកាយផ្សេងទៀត។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូនេស៊ី Antara បានឱ្យដឹងថា មន្ត្រីគយ និងភ្នាក់ងារស៊ើបអង្កេតគ្រឿងញៀនរបស់កោះបាលី បានស្ទាក់ចាប់ និងឃាត់ខ្លួនស្ត្រីរូបនេះនៅអាកាសយានដ្ឋានអន្តរជាតិ Gusti Ngurah Rai ភ្លាមៗ បន្ទាប់ពីនាងធ្វើដំណើរមកដល់ពីប្រទេសប្រេស៊ីល។","body":"ប៉ូលិសឥណ្ឌូណេស៊ី បានចាប់ខ្លួនស្រ្តីជនជាតិប្រេស៊ីលវ័យ ៣៦ ឆ្នាំម្នាក់ នៅលើកោះបាលី ក្រោមការសង្ស័យពាក់ព័ន្ធនឹងបទល្មើស លួចនាំចូលសារធាតុញៀនប្រភេទកូកាអ៊ីនរាវ ទម្ងន់ជាង ៣,៦ គីឡូក្រាម ចូលមកក្នុងប្រទេសឥណ្ឌូណេស៊ី ដោយលាក់ទុកក្នុងដបសាប៊ូកក់សក់ និងផលិតផលថែរក្សារាងកាយផ្សេងទៀត។\n\n យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូនេស៊ី Antara បានឱ្យដឹងថា មន្ត្រីគយ និងភ្នាក់ងារស៊ើបអង្កេតគ្រឿងញៀនរបស់កោះបាលី បានស្ទាក់ចាប់ និងឃាត់ខ្លួនស្ត្រីរូបនេះនៅអាកាសយានដ្ឋានអន្តរជាតិ Gusti Ngurah Rai ភ្លាមៗ បន្ទាប់ពីនាងធ្វើដំណើរមកដល់ពីប្រទេសប្រេស៊ីល។ មន្ត្រីគយបានរកឃើញភាពមិនប្រក្រតីនៅលើកាបូបស្ដាយរបស់នាង ហើយបន្ទាប់ពីការឆែកឆេរ សមត្ថកិច្ចបានរកឃើញ ដបផលិតផលថែទាំរាងកាយចំនួន ៧ ដប ដែលផ្ទុកសារធាតុរាវសង្ស័យថាជាគ្រឿងញៀនប្រភេទកូកាអ៊ីនរាវ។\n\n ជនសង្ស័យបានសារភាពប្រាប់ប៉ូលិសថា មានមេខ្លោងសម្របសម្រួលម្នាក់ឈរជើងនៅប្រទេសប្រេស៊ីល បានសន្យាផ្តល់ប្រាក់ចំនួន ៥០.០០០ ដុល្លារអាមេរិក ប្រសិនបើនាងអាចដឹកជញ្ជូនកូកាអ៊ីនរាវនេះ ប្រគល់ឱ្យទំនាក់ទំនងម្នាក់ទៀតនៅកោះបាលី។ ក្រុមអ្នកស៊ើបអង្កេតបានលាតត្រដាងថា ក្រៅពីកម្រៃជើងសារដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជនសង្ស័យក៏ត្រូវបានធានារ៉ាប់រងលើការរៀបចំកន្លែងស្នាក់នៅ។ \n\n បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត យោងតាមមាត្រា ៦០៩(២) និងមាត្រា ៦១០(២) នៃក្រមព្រហ្មទណ្ឌឥណ្ឌូណេស៊ី ដែលចែងពីបទកាន់កាប់ និងការនាំចូលគ្រឿងញៀនថ្នាក់ទី១ ដែលជាប្រភេទសារធាតុញៀន រួមមានទាំងកូកាអ៊ីនផងដែរ ខណៈដែលបទល្មើសទាំងនេះ អាចប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត។\n\nគួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុតមួយនៅលើពិភពលោក ដែលរួមបញ្ចូលទាំងទោសប្រហារជីវិតសម្រាប់ជនល្មើសជួញដូរគ្រឿងញៀន ដោយបច្ចុប្បន្នមានជនបរទេសរាប់សិបនាក់ កំពុងជាប់ក្នុងបញ្ជីរង់ចាំការប្រហារជីវិត៕ដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11777","languageVersionId":"3903","visibilityVersion":"4","versionToken":"a1.nSpS8_7k92Y3QQfqhsAmGukQ2esBClESjnpnh9yTXrQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-15T02:13:40Z"}