ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសាររបបទឹកទន្លេមេគង្គជន់ឡើង។
ក្នុងឱកាសចុះត្រួតពិនិត្យទីទួលសុវត្ថិភាពត្រៀមសម្រាប់ប្រជាពលរដ្ឋតាមដងទន្លេពេលទឹកជំនន់ និងជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលជម្លៀស និងនាំសត្វពាហនៈមករស់នៅបណ្ដោះអាសន្នតាមទីទួលសុវត្ថិភាពក្នុងស្រុកត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែសីហា ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំបន្ថែមឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ និងតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក។
លើសពីនេះ ត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារប្រើប្រាស់ ក៏ដូចជាឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណា មួយកើតមានឡើង។
ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរស្រុក-ឃុំ ត្រូវត្រៀមរៀបចំ សម្អាត កាប់ឆ្ការព្រៃ ជួសជុល និងកែលម្អ នៅជុំវិញទួលសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួយនៅពេលជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ។ ទន្ទឹមនឹងនោះ ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែងផ្សេងៗ ដូចជា៖ ទឹកជំនន់ លង់ទឹក ខ្យល់កន្ត្រាក់ និងអគ្គិភ័យជាដើម សម្រួលដល់ប្រជាពលរដ្ឋងាយរងគ្រោះ។
ឯកឧត្តម ប៉ែន កុសល្យ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះមហន្តរាយទឹកជំនន់ឡើងខ្លាំង។ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។
សូមជម្រាបថា ការចុះត្រួតពិនិត្យទីទួលសុវត្ថិភាពក្នុងស្រុកត្បូងឃ្មុំនេះ មាន ២ទីតាំង ដែលទីតាំងទួលសុវត្ថិភាពទី១. នៅបរិវេណដីឡូត៍ ឧកញ៉ា អាន ម៉ាឌី ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងទីតាំងទួលសុវត្ថិភាពទី២. នៅបរិវេណដីឡូត៍ ឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕
ដោយ៖ ង៉ែត ពិសាន្ត





