跳至正文
西哈努克省电视台 · 官方网站
登录

ពលករខ្មែរជាង១០ម៉ឺននាក់សម្រុកចាកចេញពីប្រទេសថៃមកស្រុកកំណើតវិញ

历史原文 · 暂无当前语言译文

តាមតួលេខបឋមនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរប្រមាណជាង១០ម៉ឺននាក់បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ព្រមទាំងក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងសស្រាក់សស្រាំក្នុងការជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។

ឯកឧត្តម សុខ លូ ឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿង ដើម្បីដឹកជញ្ជូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនប្រកបដោយសុខសុវត្ថិភាព។ ឯកឧត្តម សង្កត់ធ្ងន់ថា អាជ្ញាធរ កងកម្លាំង មន្រ្តីរាជការ យុវជន និងគ្រប់ភាគីពាក់ព័ន្ធកំពុងខិតខំជួយសម្របសម្រួលនិងជញ្ជូនឥវ៉ាន់ពលករខ្មែរដោយមិនគិតពីការនឿយហត់នោះឡើយ។

បើតាមរដ្ឋបាលខេត្តបាត់ដំបង ពលករខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានវិលត្រឡប់មកដល់ស្រុកកំណើតវិញដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរ មន្ត្រីពាក់ព័ន្ធដែលបានជួយសម្របសម្រួល។ ពលករខ្មែរបានថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ។

ជាបន្តបន្ទាប់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…