跳至正文
西哈努克省电视台 · 官方网站
登录

គណៈប្រតិភូក្រុមហ៊ុនចិនមកស្វែងរកឱកាសវិនិយោគនៅខេត្តព្រះសីហនុ

历史原文 · 暂无当前语言译文

គណៈប្រតិភូក្រុមហ៊ុនចិនមកពីទីក្រុងណានជីងនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការចាប់អារម្មណ៍លើវិស័យកសិកម្ម និងដំណាំផ្លែឈើនៅប្រទេសកម្ពុជាដូចជា៖ ដំណាំស្រូវ ស្វាយ ស្វាយចន្ធី ទុរេន និងផ្លែខ្នុរ ដែលទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងខ្លាំងពីប្រជាជនចិន។ 

ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញដោយលោកនាយករង និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនចិន-អន្តរជាតិ តំណាងគណៈប្រតិភូក្រុមហ៊ុនចិន នាឱកាសឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។

លោកតំណាងគណៈប្រតិភូក្រុមហ៊ុនចិន បានលើកឡើងអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជារបស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីពេលកន្លងទៅ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ចិន និងជួយជំរុញឱ្យពាណិជ្ជកម្មនៃប្រទេសទាំងពីកាន់តែល្អប្រសើរ ព្រមទាំងធ្វើឱ្យអ្នកវិនិយោគិនចិនកាន់តែមានទំនុកចិត្តមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។ លោក សង្ឃឹមថា ការហោះហើរត្រង់ពីក្រុងព្រះសីហនុ ប្រទេសកម្ពុជា ទៅទីក្រុងណានជីង ប្រទេសចិន នឹងទទួលបានសមិទ្ធផលច្រើន ហើយមានភ្ញៀវទេសចរ អ្នកវិនិយោគមកបណ្តាក់ទុនកាន់តែច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

លោកតំណាងគណៈប្រតិភូក្រុមហ៊ុនចិន បានប្តេជ្ញាជួយទាក់ទាញវិនិយោគ ជាពិសេសក្រុមហ៊ុន សហគ្រាសដែលលោកមាននៅក្នុងដៃ ដើម្បីឱ្យមកសិក្សាស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ។ ក្នុងន័យនេះ លោកសង្ឃឹមថា នឹងទទួលបានព័ត៌មានដែលពាក់ព័ន្ធនឹងផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានជម្រាបគណៈប្រតិភូក្រុមហ៊ុនចិនអំពីសក្តានុពលខេត្តព្រះសីហនុ ដោយខេត្តនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាមថា«តារារះនៅទិសនីរតី» ខណៈខេត្តព្រះសីហនុ មានសមុទ្រ ឆ្នេរខ្សាច់ និងកោះដ៏ស្រស់ស្អាត ត្រូវបានក្លិបឆ្នេរស្អាតបំផុតលើពិភពលោកដាក់បញ្ជូលជាសមាជិកពេញសិទ្ធិ ដែលអាចទាក់ទាញអ្នកទេសចររាប់លាននាក់។

ក្រៅពីនេះ ខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ផ្លូវគោកផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ជាពិសេសផ្លូវល្បឿនលឿន ព្រមទាំងផ្លូវដែក (ផ្លូវរថភ្លើង) សម្រាប់បម្រើឱ្យការដឹកជញ្ជូនពីខេត្តព្រះសីហនុទៅបណ្តារាជធានីខេត្តផ្សេងៗ។ ទន្ទឹមនឹងនេះ  ក៏មានអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលជាចំណុចជួយតភ្ជាប់ប្រទេសកម្ពុជា ឬខេត្តព្រះសីហនុទៅកាន់អន្តរជាតិទៀតផង។

មួយវិញទៀត ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិចំនួន៣ រួមមាន៖ កំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ស្វយ័តក្រុងព្រះសីហនុ។ ក្នុងនោះ កំពង់ស្វយ័តក្រុងព្រះសីហនុ មានជម្រៅទឹកជ្រៅហើយសំខាន់ជាងគេ ខណៈបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងការអភិវឌ្ឍន៍ចំនួន៤ដំណាក់កាលដែលគ្រោងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០៣០ ហើយអាចឱ្យនាវាទាំងអស់ដែលចរាចរណ៍នៅលើពិភពលោកអាចចូលចតនៅខេត្តព្រះសីហនុបាន។ 

ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ដោយសារមានសក្តានុពលផ្នែកដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកនេះ ទើបរាជរដ្ឋាភិបាលបានរៀបចំខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ម៉្យាងវិញទៀត ដើម្បីជួយសម្រួលដល់ការវិនិយោគ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញកម្មវិធីពិសេសសម្រាប់តែខេត្តព្រះសីហនុនោះទេ គឺកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

នាឱកាសនោះ លោកតំណាងគណៈប្រតិភូក្រុមហ៊ុនចិន បានអញ្ជើញឯកឧត្តមអភិបាលខេត្តព្រះសីហនុ ទៅទស្សនិកិច្ចនៅទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានឯកភាពនឹងរកពេលវេលា និងឱកាសសមស្របណាមួយដើម្បីអញ្ជើញទៅទស្សនកិច្ចនៅទីក្រុងណានជីងផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ 

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…