ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ ការទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន១.៥៤៩គ្រាប់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១០ ខែសីហា។
អគ្គនាយក CMAC បញ្ជាក់ថា អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញា និងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
កាលពីថ្ងៃអាទិត្យម្សិលមិញ នៅចំណុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។
គ្រាប់បែកMK-84នេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦។ ដោយឡែក នៅចំណុចទីតាំងតែមួយនេះ ក្រុមទាហ៊ានថៃ បានទម្លាក់គ្រាប់បែកចំនួន ១០គ្រាប់ ហើយផ្ទុះចំនួន ៤គ្រាប់ រីឯ ៦គ្រាប់ទៀតមិនផ្ទុះដោយរួមទាំងគ្រាប់បែកMK-84 ដែលបានឃើញនេះផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
















