(ព្រះសីហនុ)៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងធនាគារ រីង (ខេមបូឌា) ម.ក ស្តីពីការប្រើប្រាស់សេវាទូទាត់ និងសេវាហិរញ្ញវត្ថុផ្សេងៗ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម លូ គឹមឈន់ ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានមានប្រសសន៍ថា ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងជិត ១០ដងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីមានការបិទច្រកព្រំដោយភាគីថៃជាឯកតោភាគីមក ជាពិសេសក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ។
ឯកឧត្តម បានគូសបញ្ជាក់ថាចាប់តាំងពីមានការបិទព្រំដែន ទំនិញមួយចំនួនធំមកពីប្រទេសជិតខាង បានមកដឹកតាមកំពង់ផែព្រះសីហនុ បើគិតជាមធ្យម ៣សប្តាហ៍ចុងក្រោយនេះ កើនជិត ១០ដង បើធៀបកាលពីមុននេះ ប៉ុន្តែចំនួនកប៉ាល់បានកើនដល់ ៣ជើងក្នុងមួយសប្តាហ៍ ខណៈកាលពីមុនត្រឹមតែ១ជើង ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
ឯកឧត្តម បន្តថាកំណើនចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែស្វយ័តព្រះសីហនុនេះមានការមមាញឹក និងកកស្ទះទំនិញយ៉ាងកកកុញ ស្ទើរតែរកកន្លែងស្តុកទូរកុងតឺន័រពុំបាន ហើយកប៉ាល់ចតរងចាំជាមធ្យមរហូតដល់ ១៦ម៉ោង ដែលធ្វើឲ្យថ្លៃដឹកជញ្ជូនតាមសមុទ្រកើនឡើង ហើយអាចប៉ះពាល់ដល់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា និងការទាក់ទាញអ្នកវិនិយោគិនផងដែរ នៅពេលតម្លៃដឹកជញ្ជូនកើនឡើង។
ទោះជាយ៉ាងណា កំពង់ផែបានស្នើសុំគោលការណ៍ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងក្រសួងអាណាព្យាបាលរួចហើយ ដើម្បីដាក់ចេញវិធានការណ៍ដោះស្រាយ កុំឲ្យមានការកកស្ទះទំនិញនៅកំពង់ផែ ដោយកំពង់ផែកាលពីមុនរាល់ការស្តុកទំនិញរយៈពេល ៧ថ្ងៃ គឺមិនគិតថ្លៃនោះទេ ហើយបើស្តុក ៨ថ្ងៃ គឺគិតតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ បានប្តូរមកត្រឹម ៤ថ្ងៃវិញ ហើយបើការស្តុកទំនិញដល់ ៥ថ្ងៃ នឹងត្រូវគិតថ្លៃរយៈពេល ៥ថ្ងៃតែម្តង ដែលចាប់អនុវត្តចាប់ពីថ្ងៃទី១ខែសីហា។
ឯកឧត្តម លូ គឹមឈន់ បានគូសបញ្ជាក់បន្ថែមថា ការដឹកជញ្ជូនទំនិញាឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២៤ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងអត្រា ២៩,៣៨% បើធៀបនឹងឆ្នាំ២០២៣ និងរំពឹងថា នឹងបន្តកើនឡើងដល់ ២៥% នៅឆ្នាំ២០២៥នេះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ


