跳至正文
西哈努克省电视台 · 官方网站
登录

តើកំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវវិវត្តន៍ខ្លួនបែបណាដើម្បីត្រៀមទទួលនាវាធំៗនាពេលខាងមុន

历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ គឺខេត្តមួយស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ដែលពោលពេញទៅដោយសក្តានុពលក្នុងការវិនិយោគលើវិស័យឈានមុខជាច្រើន ស្របពេលរាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ចំណុចនេះ ដោយសារខេត្តអាចឱ្យទំនិញឆ្លងកាត់ទៅទីផ្សារបរទេសបានតាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានជួយដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា។ ទោះជាយ៉ាងណា កំពង់ផែនេះ មិនទាន់អាចទទួលនាវាធំៗដែលចរាចរណ៍នៅលើពិភពលោកឱ្យមកចូលចតបាននោះទេ។ ដូច្នេះ ដើម្បីពង្រីកខ្លួនត្រៀមទទួលនាវាធំៗឱ្យចូលមកចតបាន តើកំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវវិវត្តន៍ខ្លួនបែបណា? 

ជុំវិញនឹងបញ្ហានេះ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ លើកឡើងក្នុងបទសម្ភាសជាមួយទូរទស្សន៍មហាផ្ទៃនៅថ្ងៃទី១១ ខែសីហាថា រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលជប៉ុនអនុវត្តកំពង់ផែស្វយ័តក្រុងព្រះសីហនុជាជំហានៗដើម្បីឱ្យកំពង់ផែកើនជម្រៅទឹកពី៩,៥ម៉ែត្រទៅ១៤,៥ម៉ែត្រ។ ក្នុងនោះលោកសង្ឈឹមថា នឹងទទួលបាននាវាប្រមាណពី ៨០ទៅ៩០ភាគរយនៃទំហំនាវាទាំងអស់ដែលឆ្លងកាត់តំបន់អាស៊ី-ប៉ាស៊ីហ្វិច។

មិនតែប៉ុណ្ណោះ លោកអភិបាលរងខេត្ត បញ្ជាក់ថា នៅឆ្នាំ២០៣០ នឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុមានជម្រៅទឹករហូតដល់១៧,៥ម៉ែត្រ ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងបានជាមួយបណ្តាកំពង់ផែដែលនៅជិតខាងយើង។ កត្តានេះហើយធ្វើឱ្យការដឹកទំនិញ ការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជានិងតំបន់មានភាពងាយស្រួលមិនចាំបាច់ដូរជើងធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនថយចុះដែលបានចូលរួមចំណែកកាត់បន្ថយថ្លៃដើមជូនដល់អ្នកវិនិយោគផងដែរ។

លោកឡុង ឌីម៉ង់ លើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានគម្រោងអភិវឌ្ឍន៍ចំនួន ៣ដំណាក់កាល។ ជំហានទី១. នៅឆ្នាំ២០២៤ ដោយគម្រោងកំពុងអនុវត្តធ្វើឱ្យជម្រៅទឹកដល់ ១៤,៥ម៉ែត្រដែលអាចឱ្យនាវាផ្ទុកទម្ងន់ ៤០០០TEUs ស្មើនឹង ៦ម៉ឺនតោនអាចចូលចតបាន។ ជំហានទី២. ពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៨ នឹងរៀបចំកសាងបន្ថែមទៀតដើម្បីឱ្យកំពង់ផែមានជម្រៅទឹក ១៦,៥ម៉ែត្រ ដែលអាចឱ្យនាវាផ្ទុកទម្ងន់ ១០,០០០TEUs ស្មើនឹង ១២ម៉ឺនតោនចូលចតបាន។ ចំណែក ជំហានទី៣, ពីឆ្នាំ២០២៦ដល់ឆ្នាំ២០២៩ នឹងរៀបចំឱ្យដល់ជម្រៅទឹក ១៧,៥ម៉ែត្រ ដែលអាចនិយាយបានថា នាវាទម្ងន់ ១៥,០០០TEUs ស្មើនឹង១៦ម៉ឺនតោនអាចចូលចតបានសឹង ១០០ភាគរយនៃនាវាដែលចរាចរណ៍លើពិភពលោក។

សូមជម្រាបថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២៥នេះ មានបរិមាណទំនិញឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុ ប្រមាណ ៥លាន៦សែនតោន ក្នុងនោះទំនិញនាំចូលជាង ៤លាន២សែនតោន និងទំនិញនាំចេញ ១លាន៣សែនតោន។ ចំណែក កុងតឺន័រដែលឆ្លងកាត់សរុបចំនួន ៥រយ៨០ពាន់ (ជាង ៥៨ម៉ឺនTEUs) ស្មើនឹងជាង ៣៧ម៉ឺនទូរកុងតឺន័រ ក្នុងនោះមាននាំចូលជាង ៣០ម៉ឺនTEUs និងនាំចេញមានប្រមាណ ២៨ម៉ឺនTEUs។ ដោយឡែក នាវាចូលចតមានចំនួន ៨៨៩គ្រឿង និងទទួលបានចំណូលអាជីវកម្មសរុបជាង ៧០លានដុល្លារអាមេរិក៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…