ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣ សីហា បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលការចោទប្រកាន់គ្មានមូលដ្ឋាន និងមានលក្ខណៈបង្កហេតុរបស់ក្រសួងការបរទេសថៃ ទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា ដោយក្រសួងសង្កត់ធ្ងន់ថា ឧប្បត្តិហេតុផ្ទុះមីននឹងមិនកើតមានឡើងឡើយបើសិនយោធាថៃមិនចល័តកម្លាំង និងធ្វើប្រតិបត្តិការក្នុងតំបន់ដែលមានការដឹងឮថា ជាតំបន់មានមីន។
យ៉ាងណាមិញ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១០ និងថ្ងៃទី១២ ខែសីហា បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធកម្ពុជាថា បានដាក់គ្រាប់មីនប្រឆាំងមនុស្សនៅតាមព្រំដែនកម្ពុជា-ថៃលើទីតាំងក្នុងតំបន់ប្រាសាទតាមាន់ធំ (ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) តំបន់មុំបី អានសេះ និងតាសឹម (ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ដែលបានផ្ទុះបណ្តាលឱ្យទាហានថៃរងរបួស។
ជុំវិញនឹងករណីនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាត់ទុកការចោទប្រកាន់ទាំងនេះ គឺជាការប្រឌិតឡើង ដោយគ្មានភស្តុតាងគួរឱ្យទុកចិត្ត សំដៅបង្វែការយកចិត្តទុកដាក់ចេញពីការបំពានរបស់ថៃទៅលើបទឈប់បាញ់ និងច្បាប់អន្តរជាតិប៉ុណ្ណោះ។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា«ដោយមិនគិតអំពីសិទ្ធអធិបតេយ្យរបស់កម្ពុជាលើទីតាំងកើតហេតុជាក់លាក់ ឧប្បត្តិហេតុផ្ទុះមីននេះ ពិតជាមិនអាចកើតឡើងបានឡើយប្រសិនបើយោធាថៃមិនចល័តកម្លាំង និងធ្វើប្រតិបត្តិការក្នុងតំបន់ដែលមានការដឹងឮថា ជាតំបន់មានមីន ដោយបំពានលើកំណត់ហេតុកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់ជាថ្មីអំពីការហាមឃាត់មិនឱ្យមានការធ្វើចលនាកម្លាំង ឬដើរល្បាតចេញហួសពីទីតាំងបច្ចុប្បន្នរបស់ខ្លួន។ វាគឺជាការពិតដែលតំបន់ទាំងនេះ ត្រូវបានចុះបញ្ជីយូរណាស់មកហើយ ដោយភ្នាក់ងារដោះមីនជាតិ ក៏ដូចជាអន្តរជាតិថាជាចំការមីន ដែលសល់តាំងពីជម្លោះផ្ទៃរបស់កម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០»។
ទន្ទឹមគ្នានេះ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកឧប្បត្តិហេតុដែលបានកើតឡើងដោយភាគីថៃនេះ បានកើតឡើងនៅក្នុងតំបន់ដែលមានវិវាទ ឬធ្លាប់មានវិវាទពីអតីតកាល ដែលតំបន់ទាំងនេះស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដូចដែលបានកំណត់តាមផែនទីខ្នាត 1:200 000 ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
ផែនទីទាំងនេះ ត្រូវបានទទួលយកដោយរដ្ឋទាំងពីរតាំងពីយូរយារណាស់មកហើយ និងត្រូវបានតុលាការយុត្តិធម៌អន្តរជាតិប្រើជាសំអាងសម្រាប់សាលក្រមឆ្នាំ ១៩៦២ និងក្នុងការបកស្រាយសាលក្រមនេះនៅឆ្នាំ២០១៣ ទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ បានហាមឃាត់បន្ថែមទៀត មិនឱ្យមានការធ្វើសកម្មភាពយោធាជាឯកតោភាគីនៅក្នុងតំបន់ដែលមិនបានកំណត់ព្រំដែន ប៉ុន្តែការហាមឃាត់នេះ ត្រូវបានប្រទេសថៃបំពានម្តងហើយម្តងទៀត ដោយមិនអើពើទាល់តែសោះចំពោះលក្ខខណ្ឌនៃបទឈប់បាញ់។
ក្រសួងការបរទេសកម្ពុជា អំពាវនាវដល់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានព្រមទាំងភាគីឯទៀតដែលបានសម្របសម្រួលបទឈប់បាញ់ ជួយពន្លឿនបង្កើតយន្តការត្រួតពិនិត្យដ៏រឹងមាំ មិនលំអៀង និងឯករាជ្យ ដើម្បីធានាបាននូវការគោរពពេញលេញចំពោះបទឈប់បាញ់ ដែលព្រមព្រៀងគ្នារួច ទប់ស្កាត់កំណើតភាពតានតឹង និងជៀសវាងបង្កគ្រោះថ្នាក់បន្ថែមទៀតដល់អាយុជីវិតរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនស៊ីវិល។ កម្ពុជាមានជំនឿលើតុលាការយុត្តិធម៌អន្តរជាតិសម្រាប់ការដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់ ហើយថៃក៏គួរបង្ហាញការគោរពដល់តុលាការនេះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









