តាមការថ្លែងបញ្ជាក់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សភាពការណ៍តាមព្រំដែនកម្ពុជា និងថៃមានសភាពស្ងប់ស្ងាត់ តែមកដល់ពេលនេះកងទ័ពថៃដែលបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់មានរយៈពេលជាង២០ថ្ងៃហើយ តែប្រទេសមួយនេះនៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញស្របតាមច្បាប់អន្តរជាតិនៅឡើយទេ ។
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យកសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានឱ្យដឹងថា៖ កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងខាងលើ ដោយឱ្យប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់យើងទាំង១៨រូបដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសាររបស់គាត់វិញដែលទន្ទឹងរង់ចាំទាំងថ្ងៃទាំងយប់។
គួរបញ្ជាក់ថា ទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥។ គិតមកដល់ពេលនេះមានរយៈពេល២០ថ្ងៃ ២៣ម៉ោង និង ១០នាទីគិតត្រឹមម៉ោង៧,០០នាទីព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២៥នេះ។ ក្រសួងការពារជាតិ កងទ័ពកម្ពុជា និងសហគមន៍អន្តរជាតិបន្តការទាមទារ រហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួនដោយព្រមប្រគល់មកវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបមកវិញក្រោមច្បាប់អន្តរជាតិ ហើយយើងមិនទុកឱ្យសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោលដោយឯកកោនោះទេ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិក៏បានអះអាងដែរថា គិតចាប់ពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មកដល់វេលាម៉ោង ៦,០០នាទីព្រឹកនេះ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និង យោធភូមិភាគទី៥ ស្ថិតនៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែកងកម្លាំងរបស់យើងកំពុងស្ថិតនៅក្នុងការប្រយ័ត្នប្រយែងខ្ពស់ជានិច្ច និងបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា រាជរដ្ឋភិបាលកម្ពុជា កងកម្លាំងកងទ័ពកម្ពុជា ពលរដ្ឋកម្ពុជារួមគ្នាជាធ្លុងមួយក្នុងកិច្ចការពារទឹកដី សេចក្តីថ្លៃថ្នូរ និងការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុត។ ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឱ្យបរិយាកាស មានភាពអំណោយផលឆ្ពោះមកវិញនូវសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែជាអ្វីដែលប្រជាជនយើងទាំងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ៕
ដោយ៖ KPS99TV








