跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលរងខេត្តព្រះសីហនុ៖ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទកភាពជាតិខ្មែរ

历史原文 · 暂无当前语言译文

摘要

(ខេត្តព្រះសីហនុ)៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានជម្រុញឱ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទកភាពជាតិខ្មែរ»។នាឱកាសលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» នៅសណ្ឋាគារ ស៊ីប៊ីស ខេ

(ខេត្តព្រះសីហនុ)៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានជម្រុញឱ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទកភាពជាតិខ្មែរ»។

នាឱកាសលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» នៅសណ្ឋាគារ ស៊ីប៊ីស ខេត្តព្រះសីហនុ។

សិក្ខាសាលានេះ មានការចូលរួមធ្វើបទបង្ហាញពីលោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ, លោក ជា ថារក្ស ប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម ហសគ្រិន អ្នកវិនិយោគ អាជីវករកស៊ី និងអ្នកជំនួញ។

នាកិច្ចចាប់ផ្តើម ក្នុងកាលៈទេសៈដែលថៃបានឈ្លានពានទឹកដីកម្ពុជា ហើយរដ្ឋាភិបាលបានបិទច្រកព្រំដែននាំផលិតផលចេញ-ចូលរវាងកម្ពុជា និងថៃទាំងអស់ លោក មីន កុម្ភៈ អភិបាលរងខេត្ត បានលើកទឹកចិត្តដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងវិស័យឯកជន បន្តកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយពង្រឹងផលិតករខ្មែរអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់មានគុណភាពខ្ពស់ សម្បូរបែបកាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិ និងអន្តរជាតិ។ ជាពិសេសចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទកភាពជាតិខ្មែរ» រួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាពសំដៅលើកកម្ពស់កិត្យានុភាពជាតិ និងភាពម្ចាស់ការ។ «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផលខ្មែរ»។

ទន្ទឹមគ្នានេះ លោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏បានលើកឡើងដែរថា សិក្ខាសាលានេះ បានផ្តល់នូវឱកាសល្អឱ្យអ្នកចូលរួមទទួលបាននូវចំណេះដឹងថ្មីៗពីការអភិវឌ្ឍទំនាក់ទំនងអាជីវកម្ម និងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ស្របតាមស្តង់ដារ ដើម្បីបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងរបស់អាជីវកម្មរបស់ខ្លួន សម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមជម្រាបដែរថា បន្ទាប់ពីថៃបានឈ្លានពានទឹកដីកម្ពុជាតាំងពីថ្ងៃទី២៤ ខែកក្កដាមក ហើយថៃបានបិទច្រកចេញ-ចូលជាឯកតោភាគី នាំឱ្យរដ្ឋាភិបាលកម្ពុជា ព្យាយាមជម្រុញនិងបង្កើនការគាំទ្រផលិតផលក្នុងស្រុកជាបន្តបន្ទាប់៕

អត្ថបទ៖ ចិន្តា ទីទិ

រូបថត៖ ទាវ វិឆាត

评论

正在加载评论…