ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយឆ្មាំទន្លេកាំពីនៅថ្ងៃទី១៩ ខែសីហា មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម អះអាងថា ក្រសួងមានគម្រោងសាកល្បងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនិងប្រើប្រាស់ដ្រូនសម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី នៃខេត្តក្រចេះ។
បើតាមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា បើគ្មានការប្រែប្រួលណាមួយទេ គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២៦ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WWF ប្រចាំនៅកម្ពុជា និងវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។
លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនេះ ធ្វើឡើងក្នុងគោលដៅឃ្លាំមើលសកម្មភាព ប្រចាំថ្ងៃរបស់សត្វផ្សោត និងសកម្មភាពនានាតាមដងទន្លេ ជាពិសេសបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សសត្វផ្សោត តាមរយៈការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងការបង្ហោះដ្រូន។
លោកអនុរដ្ឋលេខាធិការ បន្ថែមថា នាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផលបានផ្ដួចផ្ដើមរៀបចំគម្រោងនេះ ក្រោយពីបានចូលរួមដំណើរទស្សនកិច្ចសិក្សានៅប្រទេសចិន ស្ដីពីការងារអភិរក្សនិងគ្រប់គ្រងសត្វផ្សោតទឹកសាប នៅទីក្រុងវូហាន ប្រទេសចិន កាលពីខែមិថុនា ឆ្នាំ២០២៥។
ក្នុងចំណោមមេរៀនដែលស្រូបបានតាមរយៈដំណើរទស្សនកិច្ចនោះ កម្ពុជាពិនិត្យឃើញថា វិធីសាស្រ្តប្រើប្រាស់ដ្រូនភ្ជាប់ជាមួយកុំព្យូទ័រនិងទូរសព្ទដៃ គឺជាបច្ចេកវិទ្យាមួយដែលកម្ពុជាមានលទ្ធភាពអាចធ្វើបាន។ ការងារនេះ មិនត្រឹមតែអនុញ្ញាតឱ្យក្រុមការងារឆ្មាំទន្លេនិងអ្នកជំនាញ អាចឃ្លាំមើលបម្លាស់ទីនៃសត្វផ្សោត និងការនេសាទខុសច្បាប់ប៉ុណ្ណោះទេ តែវាក៏ជួយកាត់បន្ថយការចេញល្បាតរបស់ឆ្មាំទន្លេ ដោយគ្រាន់តែពិនិត្យវីដេអូផ្សាយផ្ទាល់ពីប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនិងដ្រូន ហើយត្រៀមខ្លួនចេញអន្តរាគមន៍ទាន់ពេលវេលា ទាំងចំពោះសកម្មភាពរបស់សត្វផ្សោតលើដងទន្លេ និងសកម្មភាពនេសាទខុសច្បាប់។ នេះបើតាមមន្រ្តីជាន់ខ្ពស់រូបនោះបានបញ្ជាក់បន្ថែម។
លោកជំទាវ បានសង្កត់ធ្ងន់ថា គម្រោងសាកល្បងដែលនឹងដាក់ដំណើរការនាដើមឆ្នាំក្រោយ គឺជាយន្តការបន្ថែមរបស់ក្រសួង ក្នុងគោលដៅការពារ អភិរក្ស និងបង្កើនចំនួនសត្វផ្សោតនៅកម្ពុជាឱ្យបានកាន់តែច្រើន។ ទន្ទឹមគ្នានេះ វាក៏ជាឱកាសសម្រាប់មន្ដ្រីឆ្មាំ រៀនសូត្រចំណេះជំនាញថ្មីៗបន្ថែម ដើម្បីអាចអនុវត្តការងារនេះបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









