រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែសីហានេះ បានបើកកិច្ចប្រជុំរៀបចំ ចងក្រងអំពីស្ថានភាពនៃការបំពេញការងារ ការផ្តល់សេវាសាធារណៈ ដើម្បីចូលរួមគាំទ្រ និងអនុវត្តផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្ត និងទំនាក់ទំនងការងាររវាងមន្ទីរជំនាញជាមួយរដ្ឋបាលខេត្ត និងទំនាក់ទំនងរវាងមន្ទីរជំនាញជាមួយក្រសួង-ស្ថាប័ន។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានអភិបាលរងខេត្តព្រះសីហនុចំនួន ០២រូប គឺលោក ឯម ភាព និងលោក យូសុះ សូឡៃម៉ាន ព្រមទាំងមានការចូលរួមពីតំណាងនៃមន្ទីរអង្គភាពជាច្រើនរូបទៀត។
ចំណែក ស្ថានភាពការបំពេញការងារ និងការផ្តល់សេវាសាធារណៈ ដែលបានកិច្ចប្រជុំពិភាក្សារៀបចំធ្វើជារបាយការណ៍នាពេលនេះ ដើម្បីត្រៀមរាយការណ៍ជូនគណៈប្រតិភូដឹកនាំដោយឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលគ្រោងធ្វើដំណើរមកខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។ ការណ៍នេះ ដើម្បីជាមូលដ្ឋានសម្រាប់ការពង្រឹង និងការកែលម្អ ការបំពេញការងាររបស់រដ្ឋបាលថ្នាល់ក្រោមជាតិ ព្រមទាំងជាមូលដ្ឋានសម្រាប់ការវិភាគពិចារណាលើការរៀបចំជម្រើសនានានៃការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា













