នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី ៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី ១ របស់ថៃ ដែលប្រព្រឹត្តទៅនៅខេត្តស្រះកែវ ប្រទេសថៃ។ កិច្ចប្រជុំនេះ គណៈប្រតិភូថៃ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១។
កិច្ចប្រជុំនេះប្រព្រឹត្តទៅបាន ដោយសារមានកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ នៅថ្ងៃទី២១ ខែសីហា ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ រយៈពេលពេញ១ថ្ងៃ។
ជាលទ្ធផល កិច្ចប្រជុំក្រុមលេខា បានប្រព្រឹត្តទៅដោយមានការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ក្រោយពេលជួបប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃនេះផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










