跳至正文
西哈努克省电视台 · 官方网站
登录

បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរនឹងកើតឡើងពីថ្ងៃ២១ដល់ថ្ងៃ២៣កញ្ញា!

历史原文 · 暂无当前语言译文

បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ ឬហៅថា «ព្រឹត្តិការណ៍សមរាត្រី Equinox Angkor» នឹងកើតឡើងនៅវេលាម៉ោង ៥និង០០នាទីព្រឹកដល់ម៉ោង៦និង៣០នាទីព្រឹកពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា។ បាតុភូតនេះ បានស្តែងឱ្យឃើញលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត រួមផ្សំជាមួយជំនឿ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «ព្រឹត្តិការណ៍សមរាត្រី Equinox Angkor» តែងកើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា នៅវេលាម៉ោង៥និង០០នាទីព្រឹកដល់ម៉ោង ៦និង៣០នាទីព្រឹក និងលើកទី២ គឺសមរាត្រីរដូវរស្សា (Autumnal Equinox) ដែលអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា នៅវេលាម៉ោង៥និង០០នាទីព្រឹកដល់ម៉ោង ៦និង៣០នាទីព្រឹក។

«ព្រឹត្តិការណ៍សមរាត្រី Equinox Angkor» គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិខនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

អាស្រ័យដូចបានជម្រាបជូននេះ ក្រសួងទេសចរណ៍ សូមសាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន និងសូមចូលរួមផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាទាំងអស់គ្នាស្របតាមពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង«បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…