លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) រួមជាមួយលោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីននិងអភិវឌ្ឍសហគមន៍ (IMCCD) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង «បោសសម្អាតមីនតោនតាមសហគមន៍» ដើម្បីអនុវត្តការបោសសម្អាតគ្រាប់មីនប្រឆាំងយាន្តយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍន៍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរ។ កិច្ចសហការនេះ ត្រូវអនុវត្តគម្រោងបោសសម្អាតមីនក្នងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ គម្រោងនេះនឹងផ្តើមចាប់អនុវត្តចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
សូមជម្រាបថា អង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចាប់ផ្ដើមកិច្ចប្រតិបត្តិការរបស់ខ្លួនជាមួយអង្គភាពCMACតាំងពីឆ្នាំ២០១១មកម្លេះ គិតមកដល់ត្រឹមឆ្នាំ២០២៥នេះ គម្រោងនេះមានរយៈពេល១៥ឆ្នាំហើយ។ គម្រោង IMCCD នេះផ្ដោតសំខាន់លើការបោសសម្អាតគា្រប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ។ តាមរយៈគម្រោងIMCCDនេះ បានចូលរួមចំណែកផ្តល់ជូនប្រជាពលរដ្ឋកាន់តែមានសុខសុវត្ថិភាពក្នុងការប្រើប្រាស់ដីធ្វើកសិកម្ម សង់លំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យជាដើម ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ក៏ដូចជាសង្គម។
សូមរំលឹកថា លោក Takayama Ryori ជាអតីតកងទ័ពជប៉ុននិងបានចូលរួមចំណែកក្នុងបេសសកម្មUNTACនៅកម្ពុជាក្នុងឆ្នាំ១៩៩៣ និងបានចូលរួមចំណែកក្នុងវិស័យសកម្មភាពកម្ចាត់មីនជាង២៥ឆ្នាំមកហើយ។ នៅដើមឆ្នាំ២០០០ កម្ពុជាបានផ្តួចផ្តើមការដោះមីននៅឃុំដែលមានគ្រាប់មីនច្រើននិងមនុស្សរស់នៅច្រើនដែរ គឺជ្រើសរើសយកឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ជាឃុំមានគ្រាប់មីនច្រើននិងស្ថិតជាប់ជាមួយព្រំដែនថៃ។
នាពេលនេះ លោក ហេង រតនា មានក្តីសង្ឃឹមយ៉ាងមុតមាំថាជាមួយគោលនយោបាយដែលរាជរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ ក្នុងការពង្រឹងកិច្ចសហការបោសសម្អាតគ្រាប់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយផ្តល់អាទិភាពជាចំបងចំពោះទីតាំងណាដែលមានមនុស្សរស់នៅនិងប្រើប្រាស់ដីធ្លី ដើម្បីធានាសុខសុវត្ថិភាពនិងផលប្រយោជន៍សេដ្ឋកិច្ចសង្គម។ ដូចនេះឃុំតាសែន ស្រុកកំរៀងដែលមានចម្ការមីនខ្លះជាប់ព្រំដែន អាចត្រូវបានបោសសម្អាតទាំងស្រុង!៕
ប្រភព៖ លោក ហេង រតនា
សម្រួល៖ ចិន្តា ទីទិ





