កងទ័ពថៃបានធ្វើសកម្មភាពរាយបន្លាលួសនៅលើដែនអធិបតេយ្យរបស់កម្ពុជា នៅម៉ោង ១៤និង២០នាទីថ្ងៃទី២៥ ខែសីហា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែក នៅម៉ោង១៥និង១៤នាទីរសៀល កងទ័ពថៃ បានបន្តបម្រុងធ្វើសកម្មភាពជាថ្មីម្តងទៀត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងពលរដ្ឋផ្សេងៗទៀតទប់ស្កាត់យ៉ាងខ្លាំងក្លារហូតដល់កងទ័ពថៃយកបន្លាលួសចេញទៅវិញ។ នេះបើតាមការអះអាងរបស់លោកជំទាវ ម៉ាលី សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែសីហា។
ការរួមសាមគ្គីគ្នាក្នុងការឆ្លើយតបរបស់ប្រជាពលរដ្ឋកម្ពុជា ចាប់តាំងពីយប់ថ្ងៃទី២៥រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បើតាមលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា គឺស្តែងចេញពីការព្រួយបារម្ភចំពោះមុខនឹងការរាយបន្លាលួសរបស់កងទ័ពថៃ និងដើម្បីការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់ប៉ុណ្ណោះ។ យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ កងកម្លាំងនិងអាជ្ញាធរចម្រុះរបស់កម្ពុជាដែលមិនប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅកន្លែងនោះដែរ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់។
មិនតែប៉ុណ្ណោះ លោកជំទាវអ្នកនាំពាក្យ បានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌបទឈប់បាញ់ ដូចដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងថៃ នាថ្ងៃទី២៨ ខែកក្កដា ដែលជាគំនិតផ្តួចផ្តើមដោយឯកឧត្តមប្រធានាធិបតេយ្យអាម៉េរិក ដូណាល់ ត្រាំ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (JBC) កាលពីថ្ងៃទី០៧ ខែសីហា នៅប្រទេសម៉ាឡេស៊ី និងប្រកាន់ភ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងជៀសវាងបង្កើននូវភាពតានតឹងនូវការប៉ះទង្គិចគ្នាផ្នែកយោធាសាជាថ្មី។
ទន្ទឹមគ្នានេះ លោកជំទាវអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀងនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពយោធភូមិភាគទី១ របស់ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

