នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០» និង “ពិធីបើកមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥”។ ក្នុងពិធីនេះ ក៏មានវត្តមានរបស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាតំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍន៍ តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងតំណាងសមាគម និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន។
ក្នុងឱកាសនេះ លោកជំទាវ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ហើយបានលើកទឹកចិត្តថា ព្រឹត្តិការណ៍នេះ គឺជាភស្តុតាងនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងភាពជាដៃគូររវាងក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូពាក់ព័ន្ធផ្សេងៗ។
លោកជំទាវបានបញ្ជាក់ថា តាមរយៈការដាក់ចេញ «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» កម្ពុជាមានទិសដៅចម្បង៣ចំណុច៖
១.រក្សាជំហររឹងមាំលើទីផ្សារអង្ករក្រអូបសំខាន់ៗនៅលើទីផ្សារអន្តរជាតិ។
២.បង្កើនការនាំចេញអង្ករសម្ប្រស់ ដោយផ្តោតលើក្រុមប្រជាជនមានចំណូលមធ្យមក្នុងតំបន់អាស៊ី។
៣. ពង្រីកឱកាសទីផ្សារថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ និងនាពេលអនាគត ក៏ដូចជាតាមយន្តការលទ្ធកម្មស្បៀងអាហារដោយស្ថាប័នសកល និងតាមកិច្ចព្រមព្រៀងរដ្ឋាភិបាល-រដ្ឋាភិបាល (G2G) កម្មវិធីជំនួយស្បៀង និងយន្តការសន្តិសុខស្បៀងរបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌។
រដ្ឋមន្រ្តីបានបន្តថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារចិនកើនដល់ប្រហែល៣០% នៃបរិមាណនាំចេញសរុប ហើយក្នុងឆ្នាំ២០២៥ នេះ ត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀត ពីព្រោះចិនបានប្តេជ្ញាចិត្តខ្ពស់តាមអនុស្សរណៈយោគយល់គ្នាលើកទី៧ ដែលផ្តល់សិទ្ធិនាំចេញរហូតដល់ ៥០ម៉ឺនតោន។
គាត់បានលើកសំខាន់ថា ក្នុងនីតិកាលទី៧ នេះ ក្រសួងពាណិជ្ជកម្ម បន្តផ្តោតលើការចូលរួមសកម្មរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីទាញយកអត្ថប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជា ជាសមាជិក។ ក្នុងនោះ លោកជំទាវបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សហព័ន្ធស្រូវអង្ករកម្ពុជាជាដៃគូបច្ចេកទេសសំខាន់ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្ត «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» ហើយបានផ្តល់អនុសាសន៍សំខាន់ៗដូចជា៖
- ធ្វើជំនួញ និងធុរកិច្ចស្របច្បាប់ប្រកាន់ខ្ជាប់ក្រមសីលធម៌ មានតម្លាភាព និងផ្គត់ផ្គង់អង្ករដែលមានលក្ខណៈប្រកួតប្រជែង។
- ពង្រឹងគុណភាពអង្ករកម្ពុជាឱ្យបានល្អឥតខ្ចោះទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពក្នុងការវេចខ្ចប់តាមស្តង់ដារសកល។
- ធានាគុណភាព និងម៉ាកអង្ករកម្ពុជាឱ្យមានសុពលភាពជាក់ស្តែងជាមួយភាគីទិញដោយមានការធានារ៉ាប់រងត្រឹមត្រូវ។
- ប្រុងប្រយ័ត្នខ្ពស់លើការប្រើប្រាស់សារធាតុបន្ថែម ឬថ្នាំការពារដំណាំដោយមិនឱ្យលើសស្តង់ដាររបស់ប្រទេសនាំចូល។
ចូលរួមសកម្មជាមួយក្រសួងពាណិជ្ជកម្មក្នុងការចរចាពង្រីកទីផ្សារនាំចេញ និងសម្របសម្រួលលើអនុស្សរណៈយោគយល់គ្នាដើម្បីបន្តនាំអង្ករកម្ពុជាចូលទីផ្សារអន្តរជាតិ។
ដោយ៖ KPS99TV













