跳至正文
西哈努克省电视台 · 官方网站
登录

លោកឃាង ភារម្យប្រាប់ភ្ញៀវទេសចរឱ្យមកលេងខេត្តព្រះសីហនុបន្ថែមព្រោះជាតំបន់ទេសចរណ៍មានសុវត្ថិភាពខ្ពស់

历史原文 · 暂无当前语言译文

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានអះអាងថា ខេត្តព្រះសីហនុ គឺជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានសុវត្ថិភាពខ្ពស់។ ដូច្នេះសូមភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

លើសពីនេះ លោកឃាង ភារម្យ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំសូមធានាការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកទស្សនាកម្សាន្ត និងស្នាក់នៅក្នុងខេត្តព្រះសីហនុរបស់យើងប្រកបដោយទំនុកចិត្តខ្ពស់ និងគ្មានការព្រួយបារម្ភ»។

ទន្ទឹមនឹងការអះអាងពីធានាការពារសុវត្ថិភាពជូនភ្ញៀវទេសចរដូច្នេះ អ្នកនាំពាក្យសាលាខេត្ត ក៏បានបញ្ជាក់ដែរថា ខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងទីតាំងសំខាន់ៗបានចំនួន ៤៣៣ទីតាំង ស្មើនឹងកាមេរ៉ាចំនួន ៥៣៣គ្រាប់។ ចំណែក ការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវនេះ ដើម្បីការពារ និងបង្កើនសុវត្ថិភាពសាធារណៈ កាត់បន្ថយបទល្មើសលួចឆក់ប្លន់ បទល្មើសចរាចរណ៍ និងការរំលោភបំពានលើទ្រព្យសម្បត្តិសាធារណៈជាដើម។

មិនតែប៉ុណ្ណោះ លោក ឃាង ភារម្យ សង្កត់ធ្ងន់ថា ការដាក់ឱ្យដំណើរការកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ គឺមានសារៈសំខាន់ខ្លាំងដោយរូបភាពដែលបានថតទុកក្នុងកាមេរ៉ាសុវត្ថិភាព គឺជាភស្តុតាងក្នុងការស៊ើបអង្កេត និងបង្ក្រាបបានបទល្មើសយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដោយឡែក កាលពីថ្ងៃទី២៥ ខែសីហា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ចំណែក ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅលើដងផ្លូវក្នុងខេត្តព្រះសីហនុ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៩មកម៉្ល៉េះ។ រហូតមកទល់ពេលនេះ មានកាមេរ៉ាដែលដំឡើងរួចចំនួន ៥៣៣គ្រាប់នៅតាមដងផ្លូវនានាក្នុងខេត្តដែលមាន ៤៣៣ទីតាំង ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…