ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីទទួលការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង និងគណៈប្រតិភូជាប់ដំណើរ រួមមានសមាជិកកងកម្លាំងនគរបាលហុងកុង (HKPF) និងគណៈកម្មាធិការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC)។
ទស្សនកិច្ចនេះ ធ្វើឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការទទួលជួបផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ការអញ្ជើញមកបំពេញទស្សនកិច្ចនេះ គឺមានគោលបំណងជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលទីក្រុងហុងកុង ព្រមទាំងចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារ ដើម្បីកែលម្អ និងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងកម្លាំងនគរបាល ការអភិបាល និងការអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ










