跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមអ្នកសារព័ត៌មានអាស៊ី ចុះពិនិត្យទីតាំងរងគ្រោះដោយគ្រាប់បែករបស់កងទ័ពថៃ នៅខេត្តឧត្តរមានជ័យ

历史原文 · 暂无当前语言译文

(ព្រះវិហារ)៖នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចេញពីខេត្តសៀមរាប ទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងរាយការណ៍អំពីទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែករបស់កងទ័ពថៃ។

ក្រុមអ្នកសារព័ត៌មានបានចុះមកកាន់ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ដើម្បីពិនិត្យកន្លែងដែលគ្រាប់បែកធុនធំ MK-84 និងគ្រាប់កាំភ្លើងធំប្រភេទ ១០៥ មម, ១២៧ មម និង ១៥៥ មម បានផ្លោងមកលើវត្តអារាម មណ្ឌលសុខភាព សាលារៀន ស្ថានីយប្រេងឥន្ធនៈ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

ក្នុងដំណើរនេះ ក្រុមអ្នកសារព័ត៌មានបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម ហេង រតនា បានធ្វើបទបង្ហាញជូនអ្នកសារព័ត៌មានអាស៊ី អំពីគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រាប់បែកធុនធំរបស់កងទ័ពថៃ និងផែនការបោសសម្អាត/បន្សាបគ្រាប់បែកដែលមានផ្សែងពុល ប៉ះពាល់យ៉ាងធ្ងន់ដល់សុខភាពប្រជាពលរដ្ឋ។

កម្មវិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ជម្លោះ» (Safety and Risk Management in Conflict Reporting) ចាប់ពីថ្ងៃទី ២៨ ដល់ ៣១ ខែសីហា ឆ្នាំ ២០២៥។

ក្នុងចំណោមសកម្មភាពអមនឹងសិក្ខាសាលា អ្នកសារព័ត៌មានបានចុះសិក្សាទីវាល ដើម្បីស្វែងយល់អំពីការរាយការណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន ព្រមទាំងចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ។

គួរបញ្ជាក់ថា បន្ទាប់ពីសិក្ខាសាលា នៅព្រឹកថ្ងៃទី ២៨ ខែសីហា អ្នកសារព័ត៌មានក៏បានទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋភៀសសឹក នៅវត្តពោធិ៍៥០០០ដើម ភូមិគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ និងសម្ភាសជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ។

ក្រៅពីនេះ ក្រុមអ្នកសារព័ត៌មាននឹងបន្តដំណើរទៅពិនិត្យនៅឃុំអូរបីជាន់ និងភូមិជិតខាងក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់កងទ័ពថៃបានចូលរាយលួសបន្លា និងវាយលុកផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជាផងដែរ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…