រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានម្ចាស់ក្បាលដីលេខ ២៤៧៦ ឱ្យរុះរើសំណង់របងដែលសង់រំលោភលើចំណីផ្លូវសាធារណៈចេញដោយទុកពេលឱ្យ ១សប្តាហ៍គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ករណីផុតឱសានវាទ ហើយម្ចាស់សំណង់មិនគោរពតាម រដ្ឋបាលខេត្ត នឹងរុះរើសំណង់ទាំងនេះចេញដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិឡើយ។ សំណង់របងដែលបានសាងសង់រំលោភលើចំណីផ្លូវសាធារណៈ មានទីតាំងស្ថិតនៅផ្លូវលេខ១១៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែសីហា បានបញ្ជាក់ថា កន្លងទៅ ក្រុមការងារខេត្ត ធ្លាប់បានជូនដំណឹងទៅម្ចាស់សំណង់ឱ្យធ្វើការរុះរើក្នុងរយៈពេល ១សប្តាហ៍ដែរ ប៉ុន្តែម្ចាស់សំណង់មិនបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តឡើយ។
ក្រោមមក ក្រុមការងារ ក៏បានចុះទៅដល់ទីតាំងផ្លូវលេខ១១៨ ជាលើកទី២ នៅថ្ងៃទី០៥ ខែសីហា ដោយបានណែនាំផ្ទាល់ទៅម្ចាស់សំណង់ឱ្យធ្វើការរុះរើសំណង់របងដែលបានសង់រំលោភលើចំណីផ្លូវសាធារណៈនោះចេញ ប៉ុន្តែគិតមកទល់ពេលនេះ ម្ចាស់សំណង់មិនទាន់សហការអនុវត្តនៅឡើយ។
រដ្ឋបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាថ្មីម្តងទៀត រដ្ឋបាលខេត្ត សូមក្រើនរំលឹកលោក លោកស្រី ម្ចាស់ក្បាលដីលេខ ២៤៧៦ ឱ្យធ្វើការរុះរើសំណង់របងដែលបានសាងសង់រំលោភលើចំណីផ្លូវសាធារណៈចេញទាំងអស់ ដោយទុករយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
ករណីផុតឱសានវាទខាងលើ ប្រសិនបើម្ចាស់សំណង់មិនរុះរើសំណង់ដែលបានសាងសង់រំលោភលើចំណីផ្លូវសាធារណៈទេនោះ រដ្ឋបាលខេត្ត នឹងធ្វើការរុះរើសំណង់ទាំងនេះចេញពីចំណីផ្លូវសាធារណៈ ដោយមិនទទួលខុសត្រូវលើការខូចខាតសម្ភារ ឬទ្រព្យសម្បត្តិរបស់លោក លោកស្រីឡើយ។ ចំណែក ការចំណាយជាបន្ទុករបស់លោក លោកស្រីទាំងស្រុង។
កន្លងទៅ ក្រុមការងារខេត្តព្រះសីហនុ បានចុះពិនិត្យវាស់វែង និងបាញ់ថ្នាំលើសំណង់ដែលបានសង់រំលោភលើចំណីផ្លូវសាធារណៈ តាមសេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ស្តីពីការបើកផ្លូវតាមប្លង់ប្រព័ន្ធ ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ថវិកាខេត្តឆ្នាំ២០២៥៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត








