ប្រជាពលរដ្ឋនិងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃជាង ១៩ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងវិស័យឯកជន គិតត្រឹមថ្ងៃទី៣០ ខែសីហានេះ បន្ទាប់ពីក្រសួងនិងភាគីពាក់ព័ន្ធបានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា បានថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន។
ឯកឧត្តមបន្តថា ចាប់តាំងពីពេលមានបញ្ហាទំនាស់នៅតាមព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមកនេះ បានធ្វើឱ្យពលករខ្មែរដែលធ្វើការនៅប្រទេសថៃ មានការភ័យខ្លាចពីសុខសុវត្ថិភាព ហើយពួកគាត់បានសម្រុកចាកចេញពីប្រទេសថៃជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ ចំណែក ក្រសួងការងារ បានចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយគ្រប់ច្រកល្ហក ដើម្បីដោះស្រាយបញ្ហាជីវភាព និងផ្ដល់ឱកាសការងារថ្មីជូនពួកគាត់ដល់ភូមិស្រុក។
បើតាមអ្នកនាំពាក្យក្រសួងការងារ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋក្នុងស្រុក និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ គឺធ្វើយ៉ាងណានាំឱកាសការងារជូនពួកគាត់ភ្លាមៗ ដើម្បីគាំពារជីវភាពឱ្យបានទាន់ពេលវេលា។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ក្រសួងការងារ បានណែនាំដល់មន្រ្តីជំនាញក្រោមឱវាទដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះប្រមូលទិន្នន័យតម្រូវការកម្លាំងពលកម្ម និងតម្រូវការការងារពីគ្រប់ក្រុមហ៊ុន និងគ្រឹះស្ថានទាំងតូចទាំងធំនៅទូទាំងប្រទេស ដើម្បីយកមកផ្សព្វផ្សាយ និងនាំឱកាសការងារទៅដល់មូលដ្ឋាន ក៏ដូចជាដាក់ប្រចាំការនៅតាមច្រកព្រំដែនកម្ពុជា-ថៃផងដែរ។
បើតាមក្រសួងការងារ សម្រាប់ទីផ្សារការងារនៅកម្ពុជានៅឆ្នាំ២០២៥ កំពុងមានភាពល្អប្រសើ និងមានតម្រូវការខ្ពស់ដូចជា សេវាស្នាក់នៅ និងភោជ្ជនីយដ្ឋាន កម្មន្ដសាល ផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនី វាយនណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប អប់រំ ហិរញ្ញវត្ថុ និងធានារ៉ាប់រង បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា(ICT) ដឹកជញ្ជូន និងស្ដុកទំនិញ និងវិស័យសំណង់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










