កម្លាំងប្រជាការពារចំនួន ១១៥០នាក់ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុកសាងឡើង ដែលនេះកើនឡើង៨៦នាក់ បើគិតត្រឹមបំណាច់ឆមាសទី១ ឆ្នាំ២០២៥។ ការបង្កើតកម្លាំងប្រជាការពារនៅតាមក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដើម្បីជួយរៀបចំសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ ការផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើសនានា និងចូលរួមល្បាតនៅតាមភូមិឃុំសង្កាត់សំដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសហគមន៍។ នេះបើតាមការបញ្ជាក់ពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ អះអាងថា ខេត្តព្រះសីហនុ ផ្សព្វផ្សាយពីគោលនយោបាភូមិឃុំសង្កាត់មានសុវត្ថិភាពបាន៦៩៧លើក។ ក្នុងនោះ មានពលរដ្ឋជាង ២ម៉ឺន៣ពាន់បានយល់ដឹងអំពីសារៈសំខាន់នៃគោលនយោបាយនេះ។ ក្រៅពីនេះ ខេត្តក៏បានរៀបចំវេទិកាសាធារណៈចំនួន ៣៤៤លើក ដើម្បីទទួលសំណើ សំណូមពរ និងដោះស្រាយបញ្ហាផ្សេងៗ។
ទន្ទឹមនឹងនោះ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក៏បានផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់អគ្គិភ័យបាន១១៣ទីតាំង និងជួយហ្វឹកហាត់នៃការសង្គ្រោះបឋមបានចំនួន២៩លើក ព្រមទាំងបានកសាងក្រុមអគ្គិភ័យ និងសង្គ្រោះដោយស្ម័គ្រចិត្តបាន១៥នាក់។ បន្ថែមពីនោះ គណៈបញ្ជាកការខេត្ត ក៏បានផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រួមទាំងប្រជាពលរដ្ឋបានចំនួន ២០០លើក និងមានអ្នកចូលរួមប្រមាណ ១ម៉ឺន៤ពាន់នាក់។
ចំពោះកិច្ចការពង្រឹងសណ្តាប់ធ្នាប់សាធារណៈនេះទៀតសោត គណៈបញ្ជាការឯកភាពនៅតាមមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ដែលមានមូលដ្ឋានអាវុធហត្ថសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងស្រុក ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះជាប់ជាប្រចាំនៅតាមដងផ្លូវនានាបាន៤៦លើកនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
បន្ថែមពីនេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ក៏បានចុះផ្សព្វផ្សាយ និងបញ្ជ្រាបអំពីច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀតបានចំនួន ១០៦ទីតាំងនិងដល់មនុស្សចំនួនជាង ១,៦៦០នាក់ ក្នុងនោះក៏មានជនបរទេសជាង ២៣០នាក់ដែរ។ នេះបើតាមលោក ឡុង ឌីម៉ង់ បញ្ជាក់បន្ថែម។
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ បន្ថែមថា មានប្រជាពលរដ្ឋចំនួន ២ពាន់៤រយនាក់ ទទួលបានការយល់ដឹងអំពីផលប៉ះពាល់និងឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនដែលបានផ្សព្វផ្សាយនៅតាមសាលារៀន ក្លិបកម្សាន្ត រង្គសាល ខារ៉ាអូខេ និងគ្រឹះស្ថានផ្សេងៗទៀតចំនួន ៧៣៤លើក គិតត្រឹមរយៈពេល៦ខែឆ្នាំ២០២៥នេះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







