跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តបន្ទាយមានជ័យ ជម្រុញឱ្យអភិបាលខេត្តស្រះកែវថៃ ទុកកិច្ចការងារឱ្យ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចដោះស្រាយបញ្ហាព្រំដែន

历史原文 · 暂无当前语言译文

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រុញឱ្យអភិបាលខេត្តស្រះកែវនៃប្រទេសថៃ ទុកកិច្ចការងារឱ្យ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចដោះស្រាយបញ្ហាព្រំដែន។ បន្ថែមពីនោះ អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យ ភាគីខេត្តស្រះកែវ គោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការព្រំដែន និង MOU ២០០០ ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយរបស់ប្រទេសទាំងពីរ។

ការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ គឺជាការឆ្លើយតបនឹងក្រើនរំលឹកដល់ អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ បន្ទាប់ពីបានស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ ដែលបានចុះនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

ចំពោះបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ភាគីថៃ ថាវាគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហាឆ្នាំ២០២៥។

ជាមួយគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យ សង្ឃឹមជឿជាក់ថា បញ្ហាខាងលើនេះនឹងមានដំណោះស្រាយល្អ ប្រកបដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខនេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…