ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ប៊ីលានដុល្លារ និងបង្កើតការងារបាន ៣៤០ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តថា បើគិតក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ី(ពាន់)លានដុល្លារ គឺគម្រោងវិនិយោគបានកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបានកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៥វិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា បានសម្រេចចុះបញ្ជីឱ្យគម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧ពាន់កន្លែង។ ទុនវិនិយោគពីសំណាក់វិនិយោគិនកម្ពុជាបានឈានមុខគេដោយមានចំណែក ៤៥,៤៨% តាមពីក្រោយដោយប្រទេសចិន សិង្ហបុរី, អង់គ្លេសជាដើម។
សូមជម្រាបថា គម្រោងវិនិយោគចំនួន ៥១ ដែលបានអនុម័តឱ្យចុះបញ្ជីនេះ បានធ្វើឱ្យចំនួនគម្រោងវិនិយោគបានចុះបញ្ជីក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥ កើនដល់ជិត៥០០គម្រោង ខណៈពេញ១ឆ្នាំ២០២៤ ការចុះបញ្ជីមានត្រឹមតែជាង ៤០០គម្រោងប៉ុណ្ណោះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ










