(ខេត្តព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសហការរៀបចំព្រឹត្តិការណ៍ «កីឡាទេសចរណ៍» ដែលគ្រោងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីលានឆ្នេរតេជោ ខេត្តព្រះសីហនុ។

គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានដាក់ ៤ប្រភេទកីឡា មានដូចជាជិះកង់ ចម្ងាយ៣០គីឡូម៉ែត្រ, រត់ប្រណាំង ៧គីឡូម៉ែត្រ, កីឡាបាល់ទះឆ្នេរខ្សាច់បុរស-នារី និងកីឡាបាល់ទាត់លើតុ។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា សង្ឃឹមថាចំនួនអ្នកចូលរួមជិះកង់ ចម្ងាយ៣០គីឡូម៉ែត្រ នឹងកើនឡើងដល់ ១០០នាក់។
អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឱ្យដឹងថា មកទល់ពេលនេះសហព័ន្ធ បានទទួលអ្នកចុះឈ្មោះចូលរួមជិះកង់ភ្នំ ចំនួន ៤០នាក់រួចហើយ និងរំពឹងកើនដល់១០០នាក់ សម្រាប់ព្រឹត្តិការណ៍កីឡាទេសចរណ៍ នាពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៥ នេះ។
ក្រៅពីការជិះកង់ ៣០គីឡូម៉ែត្រ គណៈកម្មការរៀបចំ ក៏បានដាក់ ៣ប្រភេទកីឡាផ្សេងទៀត ដែលក្នុងនោះមាន រត់ចម្ងាយ ៧គីឡូម៉ែត្រ, បាល់ទះលើឆ្នេរ វិញ្ញាសាបុរស និងវិញ្ញាសានារី និងបាល់ទាត់លើតុ។ តាមការបញ្ជាក់ពីអគ្គលេខាធិការរូបនេះ ព្រឹត្តិការណ៍នេះ ក៏មានការដាក់តាំងពិព័រណ៍ផលិតផល និងចំណីអាហាររបស់កម្ពុជា ផងដែរ។
បើតាមការបញ្ជាក់ពីលោក នូ ចំរើន ថា«ចំណុចសំខាន់ នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិ ក្នុងរដូវកាលបៃតង (Green Season) ដើម្បីផ្សព្វផ្សាយពីទេសចរណ៍នៅខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នេះ មានការប្រកួតកីឡាផង និងរៀបចំពិព័រណ៍ផលិតផល និងចំណីអាហារ ដែលជារបស់ខ្មែរ ផងដែរ។ ក្រៅពីនេះ ក៏មានការប្រគំតន្ដ្រី និងការសម្ដែងរបាំរបស់ជាតិយើង ហើយក៏មានរបាំព្រះថោងនាងនាគ ដែលជាអត្ដសញ្ញាណរបស់ខេត្តព្រះសីហនុ»។
ក្រៅពីគោលដៅជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ក៏បង្ហាញពីសកម្មភាពកីឡា និងជំរុញឲ្យរដ្ឋបាលខេត្ត មានសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍កីឡាណាមួយ ដោយខ្លួនឯង នៅក្នុងខេត្តដែរ។ ដោយឡែក ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់នៅកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ក៏បានរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងផងដែរ។ លោក នូ ចំរើន ជឿថា នឹងមានព្រឹត្តិការណ៍កីឡាច្រើនទៀតក្នុងខេត្ត ដែលជាគោលដៅទេសចរណ៍នាតំបន់សមុទ្រកម្ពុជា ប្រសិនជាការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ នាថ្ងៃទី១៧ ដល់ថ្ងៃទី២០ កញ្ញានេះ ទទួលបានការគាំទ្រច្រើន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

