សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានបង្ហាញថា នីតិបុគ្គល ឬរូបវន្តបុគ្គលមួយចំនួនបានធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់ដែលធ្វើឡើងដោយគ្មានការអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច ដូចជា៖ លុយរាប់ ការបញ្ចាំ ការផ្តល់ប្រាក់កម្ចីដោយផ្ទាល់ និងតាមអនឡាញជាដើម្បី។ ទន្ទឹមគ្នានេះស្ថាប័នមានសមត្ថកិច្ចទាំង៣ ក្រើនរំលឹកជាថ្មីឱ្យនីតិបុគ្គលឬរូបវន្តបុគ្គលទាំងនោះបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេនឹងទទួលខុសត្រូវចំពោះច្បាប់ធរមាន។
បើតាមសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី០៥ ខែកញ្ញា បានបញ្ជាក់ថា អាជីវកម្មទាំងនោះ មានទាំងសកម្មភាពគំរាមកំហែង បំភិតបំភ័យ កេងចំណេញហួសហេតុ និងរក្សាទុកឯកសារដូចជា៖ អត្ថសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់ធានាកម្ចីទៀតផង។
សកម្មភាពទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា ដែលអាចត្រូវផ្តន្ទាទោស និងដាក់ពិន័យតាមច្បាប់ជាធរមាន។
យោងតាមច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មាត្រា២ បានចែងថា ការផ្តល់ឥណទានគ្រប់ប្រភេទ ចំពោះសាធារណជន ដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា ត្រូវបានចាត់ទុកថា បានធ្វើអាជីវកម្មធនាគារ។
រាល់ការប្រកបអាជីវកម្មធនាគារ និងហិរញ្ញវត្ថុ ត្រូវស្នើសុំ និងទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធរអាណាព្យាបាល មុននឹងអាចផ្តល់សេវាកម្មជូនសាធារណជនបាន។
ផ្អែកតាមមាត្រា៥៥ បានកំណត់បញ្ជាក់ថា «បុគ្គលណាជាឯកត្តជនក្តី ឬក្នុងនាមជាអង្គភាពក្តី ដែលយកប្រតិបត្តិការធនាគារជាវិជ្ជាជីវៈជាប្រក្រតី និងសម្រាប់សាធារណជនដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី មួយឆ្នាំ (១ឆ្នាំ) ដល់ប្រាំឆ្នាំ (៥ឆ្នាំ) និង ពិន័យជាប្រាក់ពី ប្រាំលានរៀល (៥.០០០.០០០៛) ដល់ ពីររយហាសិបលានរៀល (២៥០.០០០.០០០៛) ឬ ទណ្ឌកម្មតែមួយក្នុងចំណោមទណ្ឌកម្មទាំងពីរ ដោយមិនទាន់ គិតដល់ការបិទគ្រឹះស្ថានផង»។
ទន្ទឹមនឹងនេះ ការធ្វើអាជីវកម្មបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន ត្រូវស្នើសុំនិងទទួលបានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ យោងតាមប្រការ៣៣ នៃប្រកាស ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ការធ្វើអាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណ ឬការប្រើប្រាស់អាជ្ញាបណ្ណផុតសុពលភាពលើសពី ៦(ប្រាំមួយ)ខែឡើងទៅ ត្រូវរងទទួលការផាកពិន័យពី ន.អ.ប. ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។
ការធ្វើអាជីវកម្មបញ្ចាំ ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានលិខិតអនុញ្ញាត អាជីវកម្ម ឬការប្រើប្រាស់លិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែ ឡើងទៅ ត្រូវទទួលរង ការផាកពិន័យពីមន្ទីរ ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវបញ្ឈប់ សកម្មភាពអាជីវកម្មជាបន្ទាន់។ ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។
ដោយឡែក ការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ ប័ណ្ណសមាជិក ប.ស.ស ដើម្បីដាក់ធានាកម្ចី គឺពុំស្របតាមស្មារតីក្រមរដ្ឋប្បវេណី ព្រោះថាឯកសារទាំងនេះ ពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់ សកម្មភាពពាណិជ្ជកម្ម ហើយក៏ពុំអាចយកមកដាក់ធានាកម្ចីបានឡើយ។
យោងតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាត្រា១២៩ «អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការ មួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ជាតិខ្មែរ ដោយមិនអនុញ្ញាតឱ្យធ្វើការផ្ទេរពី បុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សបានឡើយ»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










