ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហើបតាមទំព័រហ្វេសប៊ុកផ្លូវការថា «យោងតាមគ្រឹះស្ថានអង្គរបានរាយការណ៍ថា ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៧,៧៤៦នាក់ កើនឡើង ១៤.៥% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំទៅ។ ក្នុងឆ្នាំទេសចរណ៍ចិន-កម្ពុជា២០២៥ ចំនួនភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជាត្រូវតែកើនឡើងពេញមួយឆ្នាំ»។
សូមជម្រាបថា ក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ កម្ពុជាលក់សំបុត្រជូនភ្លៀវទេសចរចូលលេងកម្សាន្តនៅរមណីយដ្ឋានអង្គរចំនួនជិត៦៧ម៉ឺននាក់ ទទួលបានប្រាក់ជាង៣១លានដុល្លារអាម៉េរិក។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរកើន ២,៧២ភាគរយ និងប្រាក់ចំណូលកើន ២,៤២ភាគរយ។ នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ។
ចំណែក ក្នុងខែសីហា ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង ២លានដុល្លារអាម៉េរិក កើន២៣,១៧ភាគរយ ក្នុងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរចំនួនជាង ៥ម៉ឺននាក់ កើន២៤,៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត


