跳至正文
西哈努克省电视台 · 官方网站
登录

៧ថ្ងៃមុនកាន់បិណ្ឌ!គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សជាង២០នាក់និងរបួសជិត៦០នាក់

历史原文 · 暂无当前语言译文

យ៉ាងហោចណាស់មនុស្ស២៤នាក់បានស្លាប់បាត់បង់ជីវិត និង៥៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុប៤៣ករណី គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥មុនពិធីបុណ្យកាន់បិណ្ឌ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង រួមមាន ថ្ងៃទី១កញ្ញា មាន០៨ករណី ស្លាប់០៣នាក់ របួស១៤នាក់។ ថ្ងៃទី០២ មាន ០៤ករណី ស្លាប់ ០៤នាក់ របួស ០៦នាក់។ ថ្ងៃទី០៣ មាន០៤ករណី ស្លាប់ម្នាក់ របួស ០៦នាក់, ថ្ងៃទី០៤ មាន ០៨ករណី ស្លាប់ ០៦នាក់ របួស ០៥នាក់ ថ្ងៃទី០៥ មាន ០៦ករណី ស្លាប់ម្នាក់ របួស ១៣នាក់។ ថ្ងៃទី០៦ មាន ០៥ករណី ស្លាប់ ០៤នាក់ របួស ០៤នាក់ និងថ្ងៃទី០៧ មាន ០៨ករណី ស្លាប់ ០៥នាក់ និងរបួស១០នាក់។

ផ្អែកតាមរបាយការណ៍អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលម្អិតទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរយៈពេល៧ថ្ងៃដើមខែកញ្ញានោះ រួមមាន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង។

អ្នកនាំពាក្យរង បន្ថែមថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល និងរួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិជាដើម។

ក្នុងការអំពាវនាវនេះ រួមមានកុំបើកបរលើសល្បឿនកំណត់, សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន, ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក, ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ, ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់, ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វ្រាំង ភ្លើងបំភ្លឺ និងចង្កូត ជាដើម, ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ និងសូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។

លើសពីនេះ គណៈកម្មាធិការជាតិ ក៏បានអំពាវនាវដល់រថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនឱ្យផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិនេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…