Sinomach Hainan Development Co., Ltd ជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយឈានមុខក្នុងការផលិតម៉ាស៊ីនសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម, ការកែច្នៃដំណាំកសិកម្ម, និងការនាំចេញនាំចូលផលិតផលកសិកម្ម នៅកោះហៃណាន ប្រទេសចិន។ ក្នុងនោះ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយមគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទី។
ការបង្ហាញសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនចិនដ៏ធំមួយនេះ បានធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។
បច្ចុប្បន្ន ក្រុមហ៊ុនដ៏ធំនេះ បានសហការចាប់ដៃគូជាមួយក្រុមហ៊ុន Kampu Nuts Agro Products, ក្រុមហ៊ុន Hangzhou Baichen Food Co., Ltd, ក្រុមហ៊ុន Hangzhou Jiabin Agricultural Park, និងក្រុមហ៊ុន Hangzhou Weiying Food Co., Ltd ដើម្បីប្រមូលទិញស្វាយចន្ទីស្ងួត និងស្វាយចន្ទីកែច្នៃយកទៅចែកចាយនៅកាន់ទីផ្សារប្រទេសចិន។
បើតាមលោក David Zou Zhun ប្រធានផ្នែកកសិកម្មនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. បានឱ្យដឹងថា គម្រោងវិនិយោគឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ក្រុមហ៊ុននឹងរៀបចំជាបីដំណាក់កាល ដែលដំណាក់កាលទី១ គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានចំនួន ៣ម៉ឺនតោន/ឆ្នាំ, ដំណាក់កាលទី២ ចំនួន ២០ម៉ឺនតោន/ឆ្នាំ និងដំណាក់កាលទី៣ ចំនួន ៥០ម៉ឺនតោន/ឆ្នាំ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញពីខ្សែច្រវាក់តម្លៃ នៃឧស្សាហកម្មស្វាយចន្ទីពីដើមទីដល់ចុងទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច។ លើសពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ និងកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។
ក្រៅពីស្វាយចន្ទី ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនពីសក្តានុពលនៃដំណាំកសិកម្មផ្សេងទៀតរួមមាន៖ ដំទ្បូងមី ចេក ស្វាយ និងធុរេនជាដើម ដែលក្រុមហ៊ុនអាចធ្វើការគិតគូររៀបចំខ្សែច្រវាក់ផលិតកម្ម និងកែច្នៃដំណំាកសិកម្មទាំងនោះឱ្យកាន់តែមានតម្លៃបន្ថែមខ្ពស់ថែមទៀត។
ទន្ទឹមគ្នានេះ លោកប្រធានផ្នែកកសិកម្ម បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលផ្តល់នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទី ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត






