រដ្ឋមន្រ្តីធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យមន្រ្តីជំនាញត្រៀមលក្ខណៈឆ្លើយតបចំពោះគ្រោះទឹកជំនន់ ខណៈកម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តហក់ឡើងខ្លាំង គិតត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បញ្ជាដូច្នេះនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ក្នុងឱកាសចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត តំបន់រលាំងជ្រៃស្លាគូ តំបន់កំពង់ទួលទំនប់៧មករា និងប្រព័ន្ធប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។
បើតាមក្រសួងធនធានទឹក កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ រួមមាន៖ ទំនប់អាងទឹកតាសាលទឹកមានកម្ពស់ ១៥,៥៥ម៉ែត្រ កើនឡើង ០,៩០ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ២០,០០ម៉ែត្រ, ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៤,១០ម៉ែត្រ កើនឡើង ០,៦០ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ៨,០០ម៉ែត្រ, ស្ថានីយរលាំងជ្រៃ ទឹកមានកម្ពស់ ៧,២៩ ម៉ែត្រ កើនឡើង ០,០៣ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ និងទំនប់៧មករា ទឹកមានកម្ពស់ ១១,៨៥ម៉ែត្រ ស្រកចុះ ០,០៧ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ១២,៤០ម៉ែត្រ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងនៅតាមមុខព្រួញត្រូវបន្តសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តគោលដៅ ក្នុងការចុះតាមដានស្ថានភាពទឹកនៅតាមអាងទឹក និងប្រព័ន្ធធារាសាស្ត្រដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈជានិច្ចគ្រប់កាលៈទេសៈ ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័ស។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ដែលនាំឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងធ្វើឱ្យកម្ពស់ទឹកស្ទឹងសំខាន់ៗមួយចំនួនមានការកើនឡើង ដែលតម្រូវឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត















