跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុនបារាំងចំនួន៤៤បានបោះទុនខ្ទង់៣៨០លានដុល្លារវិនិយោគនៅកម្ពុជា

历史原文 · 暂无当前语言译文

មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកពីប្រទេសបារាំងសរុបចំនួន៤៤ ដែលមានទុនវិនិយោគប្រមាណ៣៨០លានដុល្លារអាម៉េរិក។ បើតាមមន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សកម្មភាពវិនិយោគទាំងនោះបានពាំនាំមកនូវបច្ចេកវិទ្យា, ការផ្ទេរនូវចំណេះដឹង ជំនាញ និងនវានុវត្តន៍, និងស្មារតីសហគ្រិនភាពដល់កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក François Corbin ប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បារាំងនៃសហព័ន្ធនិយោជកបារាំងអន្តរជាតិ និងជាប្រេសិតពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំងសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ា កាលពីពេលថ្មីៗនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

តាមរយៈកិច្ចជំនួបនេះ ក៏បានពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋបារាំង។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានគូសបញ្ជាក់ថា រដ្ឋាភិបាល និងវិស័យឯកជនបារាំង ជានិច្ចកាលតែងតែផ្តល់ការគាំទ្រក្នុងដំណើរបើកទំព័រថ្មីនៃសហសម័យកម្ពុជា។ បើតាមមន្រ្តីជាន់ខ្ពស់ CDC គិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកពីប្រទេសបារាំងសរុបចំនួន៤៤ ដែលមានទុនវិនិយោគប្រមាណ៣៨០លានដុល្លារអាម៉េរិក។ សកម្មភាពវិនិយោគទាំងនោះបានពាំនាំមកនូវបច្ចេកវិទ្យា, ការផ្ទេរនូវចំណេះដឹង ជំនាញ និងនវានុវត្តន៍, និងស្មារតីសហគ្រិនភាពដល់កម្ពុជា។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានបង្ហាញសុទិដ្ឋិនិយមថា សមភាគីនឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការឈ្វេងយល់អំពីបរិយាកាសវិនិយោគ និងឧត្តមភាពប្រកួតប្រជែង ព្រមទាំងបន្តជំរុញសហគមន៍ធុរកិច្ចបារាំងឱ្យមកសិក្សាសមិទ្ធិលទ្ធភាពបណ្តាក់ទុនវិនិយោគបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ។

ជាការឆ្លើយតប លោក François Corbin បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ តាមរយៈកិច្ចជំនួបនេះ តំណាងភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើវិស័យអាកាសចរណ៍ស៊ីវិល, ភស្តុភារកម្ម, ថាមពល និងបោះដុំ និងលក់រាយ។

លោកប្រធាន បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ពីការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ តាមរយៈការបង្ហាញពីកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការនយោបាយ, សេដ្ឋកិច្ច និងសង្គម វប្បធម៌ក្នុងក្របខ័ណ្ឌពហុភាគី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…