跳至正文
西哈努克省电视台 · 官方网站
登录

សមត្ថកិច្ចបញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកដល់កម្មករជិត៦០០នាក់នៅក្រុងកំពង់សោម

历史原文 · 暂无当前语言译文

អ្នកគ្រប់គ្រងរោងចក្រ និងកម្មករកម្មការនីចំនួន ៥៨៥នាក់ (ស្រី២៤៧នាក់) នៅរោងចក្រនៃតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានបញ្ជ្រាប់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកដែលបានផ្សព្វផ្សាយដោយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

ការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់កម្មករកម្មការនីនាពេលនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ក្រោយមានការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ក្នុងពេលផ្សព្វផ្សាយច្បាប់នេះ សមត្ថកិច្ច បានពន្យល់កម្មករកម្មការនីពីអត្ថប្រយោជន៍របស់មួកសុវត្ថិភាព, ការគោរពច្បាប់ចរាចរណ៍ផ្លូវគោកផ្សេងៗ, ការមិនបើកបរបញ្ច្រាស់ទិសចរាចរណ៍, មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់, គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ និងមិនបើកបរមានល្បឿនលឿន។ ក្រៅពីនោះ ក៏មានការចែកជូនមួកសុវត្ថិភាព និងសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកមួយចំនួនជូនកម្មករកម្មការនីដែរ។

សូមជម្រាបថា យ៉ាងហោចណាស់មនុស្ស ៣៣នាក់បានស្លាប់បាត់បង់ជីវិត និង៥៤នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាដែលបន្តកើតឡើងចំនួន ៤៥ករណី ក្នុងរយៈពេល៧ថ្ងៃ គិតចាប់តាំងពីថ្ងៃបិណ្ឌទី១ដល់បិណ្ឌទី៧ ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដោយបានបង្ហាញក្ដីព្រួយបារម្ភថាចំនួនគ្រោះថ្នាក់នឹងបន្តហក់ឡើងទៀត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…