跳至正文
西哈努克省电视台 · 官方网站
登录

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ស្នើឲ្យចិនបង្កើនការនាំចូលកសិផលពីកម្ពុជា

历史原文 · 暂无当前语言译文

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងអំឡុងពេលអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ចិន–អាស៊ាន លើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wei Tao អភិបាលតំបន់ស្វយ័តក្វាងស៊ី។

ឯកឧត្តម Wei Tao បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ឯកឧត្តម វង្សី វិស្សុត និងគណៈប្រតិភូកម្ពុជា ក្នុងពិព័រណ៍នេះ ហើយបានបញ្ជាក់ថា វត្តមានជាលើកទី២របស់ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការចិន–អាស៊ាន។ គាត់បានលើកឡើងថា ចិន និងកម្ពុជា ជា «មិត្តភាពដែកថែប» ដែលបានចូលរួមសុខទុក្ខគ្នា និងកំពុងពង្រឹងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជាតែងតែអញ្ជើញចូលរួមពិព័រណ៍ចិន–អាស៊ានជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះគឺជាលើកទី២ ដែលខ្លួនបានចូលរួមជាតំណាងខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ គាត់បានកោតសរសើរទៅលើតំបន់ស្វយ័តក្វាងស៊ី ដែលរៀបចំពិព័រណ៍បានដោយជោគជ័យ និងបានក្លាយជាមជ្ឈមណ្ឌលសំខាន់ក្នុងកិច្ចសហប្រតិបត្តិការចិន–អាស៊ាន។

ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញក្តីរីករាយចំពោះកំណើនទំហំពាណិជ្ជកម្មកម្ពុជា–ចិន ដែលកាលពីឆ្នាំ២០២៤ បានឈានដល់ជាង ១៥.១៨៩ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងនោះការទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ីមានទំហំប្រហែល ១ ពាន់លានដុល្លារ។ ទោះយ៉ាងណា ការនាំចេញរបស់កម្ពុជាទៅចិន នៅតែមានចំណែកតិចបើប្រៀបធៀបនឹងការនាំចេញរបស់ចិនមកកម្ពុជា។

ដូច្នេះ ឯកឧត្តម វង្សី វិស្សុត បានស្នើឲ្យភាគីចិន បង្កើនការនាំចូលកសិផល និងផលិតផលសំខាន់ៗពីកម្ពុជា ដូចជា ដំណាំស្វាយចន្ទី ដំណាំដំឡូងមី ផលិតផលចំណីសត្វ សាច់ ត្រី និងម្ហូបអាហារ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅចិន។

ដូចនេះដែរ ភាគីទាំងពីរបានពិភាក្សាពង្រឹងសហប្រតិបត្តិការនៅវិស័យឧស្សាហកម្ម កសិកម្ម អប់រំ វេជ្ជសាស្ត្រ ថាមពល បច្ចេកវិទ្យាឌីជីថល និងទេសចរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទៅទស្សនកិច្ចមជ្ឈមណ្ឌល China–ASEAN Artificial Intelligence Collaborative Innovation និងជួបជាមួយវិស័យឯកជនចិន ដើម្បីពិភាក្សាអំពីឱកាសវិនិយោគថ្មីៗក្នុងកម្ពុជា។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…