跳至正文
西哈努克省电视台 · 官方网站
登录

ថ្ងៃ១៧កញ្ញាជាខួប២ឆ្នាំនៃការចុះ«ប្រាសាទកោះកេរ»ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

历史原文 · 暂无当前语言译文

រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ជាខួប២ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ និងថ្ងៃដ៏មហាប្រសើរថ្លៃថ្លា ដែលបានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតកម្ពុជាក្នុងឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានចេញសារលិខិតអបអរសាទខួប២ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែរ។ ក្នុងសារលិខិតសម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រជាជនគ្រប់រូបមានភាពជាម្ចាស់ស្មើៗគ្នាចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និងសត្វព្រៃស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយនិងអធិកអធម ដើម្បីអបអរសាទរខួប២ឆ្នាំនៃការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក៏ដូចជាបន្តជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់។

ប្រាសាទកោះកេរ ស្ថិតក្នុងរាជធានីបុរាណខ្មែរ កសាងឡើងលើផ្ទៃដីទំហំ ១៦គីឡូម៉ែត្រការ៉េ ក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ មានប្រាង្គប្រាសាទធំៗចំនួន ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ។ រាជធានីបុរាណនេះ ពីដើមឈ្មោះឆកគគីរ ឬ ឆោក គគ៌្យរ (ជាអក្សរខ្មែរបុរាណ)។ ប្រាសាទនេះ កសាងឡើងដើម្បីឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា "កម្រតេងរាជា"។

សំណង់ប្រាសាទនៅកោះកេរមានចំនួនជាង៧០ប្រាសាទ (រាប់ទាំងទីទួលបុរាណ)។ យោងតាមការសិក្សាស្ថាបត្យកម្ម ប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទឥដ្ឋ (កសាងក្នុងចន្លោះឆ្នាំ៩២១-៩២៨) បន្ទាប់មកគឺប្រាសាទថ្មភក់(ប្រហែលចាប់ផ្តើមកសាងនៅឆ្នាំ៩២៨) និងប្រាសាទថ្មបាយក្រៀម (កសាងចន្លោះឆ្នាំ៩៣០ រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ ៩៤១)។

ឆ្លងកាត់នូវភ្លើងសង្គ្រាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកេរ ធ្លាប់ជាសមរភូមិប្រយុទ្ធនៅក្នុងសម័យសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨)។ រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរបំផុត ដែលធ្វើឱ្យប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធ្លាក់ដល់ដី។

ចាប់ពីឆ្នាំ១៩៧០ នៅតំបន់កោះកេរ បានក្លាយជាតំបន់ដែលកាន់កាប់ដោយកងទ័ពខ្មែរក្រហម។ ក្នុងឆ្នាំ១៩៩៨ តំបន់នេះ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។

នៅក្នុងក្រុមប្រាសាទកោះកេរ មានប្រាសាទធំ ដែលគេនិយមហៅថា ប្រាសាទកោះកេរ ដែលមានកំពែងរាងបួនជ្រុងទ្រវែង អមដោយប្រាសាទ អគារតូចធំជាច្រើន ព្រមទាំងប្រាសាទរាយរងដទៃៗច្រើនទៀត។

ប្រាសាទប្រាង្គ មានលក្ខណៈជាប្រាសាទភ្នំមានកម្ពស់ប្រមាណ ៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ ដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយ មានកម្ពស់ ៥ម៉ែត្រ មានផ្ទៃរាបប្រមាណ ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ សព្វថ្ងៃនេះតំបន់អភិរក្សប្រាសាទកោះកេរ គ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនឹងជាង ៨,០០០ហិកតា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…