ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយទៀត គឺ Turkish Airlines ដែលមានបណ្តាញហោះហើរតភ្ជាប់ទៅកាន់គោលដៅជាង ៣៥០ កន្លែង ជុំវិញពិភពលោក បានប្រកាសបើកបម្រើជើងហោះហើរត្រង់ និងផ្ទាល់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ ដឹកនាំប្រតិភូក្រុមហ៊ុន Turkish Airlines ដោយមានលោក Ümit Develi អនុប្រធានជាតំណាង និងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនេះ ក្រុមប្រតិភូបានរាយការណ៍ផ្ទាល់អំពីផែនការបើកជើងហោះហើរថ្មីរវាងទីក្រុង Istanbul និងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងស្ថានទូតតួកគីយ៉េ និងក្រុមហ៊ុន Turkish Airlines ក្នុងការគាំទ្រប្រទេសកម្ពុជា ដោយឃើញសក្តានុពលទេសចរណ៍ដ៏ធំធេង និងឱកាសទីផ្សារកំពុងរីកចម្រើន។ ឯកឧត្តម បានបញ្ជាក់ថា ការបើកបម្រើជើងហោះហើរថ្មីនេះ គឺជាការពង្រឹងតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក បន្ថែមលើសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទំនើប និងទាន់សម័យ។
ជើងហោះហើរថ្មីរវាង Istanbul និងភ្នំពេញ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ក៏ដូចជាការតភ្ជាប់ជាមួយបណ្តាញអាកាសចរណ៍ធំបំផុតមួយ ដែលមានសេវាហោះហើរទៅកាន់ប្រទេសជាង ១៣០ ប្រទេសទូទាំងពិភពលោក។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ













