រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា គ្រោងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម តុង ជីន (Dong Jun) រដ្ឋមន្រ្តីការពារជាតិចិន ដើម្បីជំរុញចំណងទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជំនួបទ្វេភាគីរវាងប្រមុខការពារជាតិកម្ពុជា-ចិន នឹងធ្វើឡើងនាឱកាសឯកឧត្តមរដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តម តុង ជីន រដ្ឋមន្រ្តីការពារជាតិចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី «ការកសាងសន្តិភាពតំបន់តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់» (Building Reginal Peace Through Dialogue and Consultation)។
នាឱកាសអញ្ជើញចូលរួមវេទិកាខាងលើ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិ និងប្រធានប្រតិភូ នៃបណ្តាប្រទេសជាមិត្តដូចជា៖ ប្រទេសឡាវ ប្រទេសវៀតណាម ម៉ាឡេស៊ី និងសិង្ហាបុរី ក៏ដូចជាជំនួបជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាមួយគ្នា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត





