跳至正文
西哈努克省电视台 · 官方网站
登录

ប្រាក់ឈ្នួលកម្មករនិយោជិតឆ្នាំ២០២៦បានតម្លើងដល់២១០ដុល្លារកើន២ដុល្លារពីតួលេខចាស់២០៨ដុល្លារ

历史原文 · 暂无当前语言译文

ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨$ ដល់ ២១០$ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។ នេះបើតាមការបញ្ជាក់នៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដុ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅក្រសួងការងារ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។

តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ តំណាងភាគីនិយោជក បានស្នើសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមានៅដដែល ខណៈ តំណាងភាគីកម្មករនិយោជិតក៏មិនជំទាស់នឹងសំណើនេះ និងស្នើសុំរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពបន្ថែមលើសំណើរបស់តំណាងភាគីនិយោជក ស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

ក្នុងស្មារតីនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន២០៨ដុល្លារអាម៉េរិក ជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពិនិត្យនិងសម្រេច។ យោងលើរបាយការណ៍ និងការពិភាក្សាបន្ថែមជាមួយភាគីពាក់ព័ន្ធ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ដុល្លារអាម៉េរិក របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦តទៅ។ បើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត កម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២៧ដុល្លារអាម៉េរិក ដល់ ២៣៨ដុល្លារអាម៉េរិកក្នុងមួយខែ។

បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមា ក៏រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…