ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូប បានជួបពិភាក្សាការងារជាមួយលោក ចិន ស៊ែវតុង (Chen Xiaodong) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (China International Development Cooperation Agency - CIDCA) នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ។
ជំនួបនេះ បានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលកម្ពុជា-ចិនបានចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមក រួមមានជាអាទិ៍ គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់ គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ ព្រមទាំងគម្រោងផ្សេងៗទៀតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការតភ្ជាប់ និងការកសាងសមត្ថភាពជំនាញក្នុងវិស័យសំខាន់ៗដូចជា សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងវប្បធម៍ជាដើម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



