跳至正文
西哈努克省电视台 · 官方网站
登录

ស្ថាប័នសិទ្ធមនុស្សថ្កោលទោសការបង្កហិង្សាដោយយោធាថៃលើពលរដ្ឋកម្ពុជាថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

历史原文 · 暂无当前语言译文

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់យោធាថៃដែលបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូទឹកភ្នែក និងជំពាមកៅស៊ូមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែកញ្ញា បណ្តាលឱ្យពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ។

សេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១៨ ខែកញ្ញានេះ បានបញ្ជាក់ថា សកម្មភាពបង្កហេតុរបស់យោធាថៃ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុស្សរណៈឆ្នាំ២០០០ កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀងទាំង ១៣ចំណុចនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ជាដើម។

បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សកម្មភាពរបស់ទាហានថៃ បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេសច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃជារដ្ឋភាគី។

កម្ពុជា បានប្តេជ្ញាចិត្ត និងបានអនុវត្តយ៉ាងមុតមាំក្នុងការប្រកាន់យកដំណោះស្រាយវិវាទទាំងអស់ដោយសន្តិវិធី និងតាមផ្លូវការទូត។ កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ តែងតែជឿជាក់ថា កិច្ចសន្ទនាការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់តាមគោលការណ៍ច្បាប់អន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់រក្សាស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ។

គណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា ស្នើដោយទទូចដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធថៃឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាពកម្ពុជា និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ហើយត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិនិងតំបន់។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអំពាវនាវមានការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការការទូត និងលិខិតបទដ្ឋានតំបន់និងអន្តរជាតិពាក់ព័ន្ធ ផ្នែកលើស្មារតីនៃធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏សូមស្នើដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងជំរុញភាគីថៃឱ្យគោរពតាមច្បាប់តំបន់ និងច្បាប់អន្តរជាតិជាធរមាន ព្រមទាំងគាំទ្រឱ្យមានការដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌចំពោះកងទ័ពកម្ពុជាទាំង១៨នាក់ដែលត្រូវយោធាថៃឃុំខ្លួន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…