跳至正文
西哈努克省电视台 · 官方网站
登录

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ពាក់ព័ន្ធស្ថានភាពតានតឹងព្រំដែន

历史原文 · 暂无当前语言译文

ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូរសព្ទ ដាច់ដោយឡែកជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនឯកឧត្តម Anwar Ibrahim អំពីការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាពិសេសសកម្មភាពបំពាន និងអំពើហិង្សារបស់កងកម្លាំងចម្រុះថៃ ទាក់ទងទៅលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា។ នេះបើតាមការផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកញ្ញា។

ក្នុងឱកាសនោះ សម្តេចធិបតី បានស្នើឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹង រក្សាស្ថានភាពដើម និងជៀសវាងមិនឲ្យមានសកម្មភាពណាមួយ បន្ថែមទៀតដែលអាចបង្កការពង្រីកជម្លោះ។ សម្តេចធិបតី ក៏បានលើកឡើងថា ភាគីទាំងអស់គួររង់ចាំដំណោះស្រាយបញ្ហាព្រំដែន តាមរយៈការជជែកពិភាក្សាក្នុងគណៈកម្មការចម្រុះព្រំដែន (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំពិសេសគណៈកម្មការព្រំដែនទូទៅ (GBC) កន្លងទៅ។

ក្នុងថ្ងៃដដែល ឯកឧត្តម Anwar Ibrahim ក៏បានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាពាក់ព័ន្ធនឹងស្ថានភាពតានតឹងដូចគ្នា។ សារព័ត៌មាន Bernama របស់ម៉ាឡេស៊ី បានដកស្រង់ពីគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម Anwar Ibrahim ដោយបញ្ជាក់ថា៖“យើងបានពិភាក្សាអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនរវាងថៃ និងកម្ពុជា។ ខ្ញុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងការជៀសវាងសកម្មភាពណាមួយ ដែលអាចបង្កើនភាពតានតឹង។”

ឯកឧត្តម Anwar Ibrahim ក៏បានអំពាវនាវឱ្យដោះស្រាយបញ្ហានានា តាមតុចរចាក្នុងក្របខណ្ឌគណៈកម្មការចម្រុះព្រំដែន (JBC) ហើយបានបញ្ជាក់ថា ម៉ាឡេស៊ីជឿជាក់លើស្មារតីនៃកិច្ចសន្ទនា ការទូត និងការយោគយល់គ្នា ដែលជាវិធីល្អបំផុតក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ មានការប៉ះទង្គិចនៅភូមិព្រៃចាន់ កងកម្លាំងចម្រុះថៃបានប្រើអំពើហិង្សា ដោយបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសម្លេងខ្លាំង បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា និងកងកម្លាំងមិនប្រដាប់អាវុធ រួមទាំងព្រះសង្ឃ ចំនួន ៣០អង្គ/នាក់ បានរងរបួសធ្ងន់ និងស្រាល។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…