ទំនិញខូចគុណភាពជាគ្រឿងក្នុងមាន់បង្កកជាង៣តោននាំចូលពីប្រទេសឡាវមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាបបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយមានសហការពីសមត្ថកិច្ចចម្រុះ រួមមាន សាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ , នគរបាលខេត្តព្រះវិហារ , អាជ្ញាធរស្រុកត្បែងមានជ័យ ,សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច, មន្រ្ដីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ។
បើតាមលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់បញ្ជាផ្ទាល់ពីឯកឧត្តម ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានចាត់ឱ្យរូបលោក ដឹកនាំសម្របសម្រួលនីតិវីធី ចុះឃាត់រថយន្ដចំនួន ២គ្រឿង ដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន៣,៥០០គីឡូក្រាម ដែលខូចគុណភាពប្រែពណ៌មិនអាចទទួលទានបាន ចូលមកតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។
បន្ទាប់ពីមានបទបញ្ជាដូច្នេះ សមត្ថកិច្ចចម្រុះ បានចុះឃាត់រថយន្ដចំនួន២គ្រឿង។ ក្នុងនោះ៖ ១. មានផ្លាកលេខ សៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់(កោះមាន់)ចំនួន ១,៥០០គីឡូក្រាម និង២. មានផ្លាកលេខ ភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន ២,០០០គីឡូក្រាម។ ទំនិញគ្រឿងក្នុងមាន់បង្កកទាំងនេះ ខូចគុណភាព ការដឹកជញ្ជូនខុសបច្ចេកទេសធ្វើឱ្យប្រែពណ៌មិនអាចប្រើប្រាស់បាន និងពុំមានឯកសារត្រឹមត្រូវ។
ក្រោយរកឃើញថា ខូចគុណភាព និងពុំមានឯកសារត្រឹមត្រូវ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការដកហូតយកទៅដុតកម្ទេចចោល។ ចំណែករថយន្ដ២គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើស ត្រូវបានប្រគល់ឱ្យសាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់គយ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត















