សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញាបានអនុញ្ញាតឱ្យឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនេះ សម្តេចតេជោ បានអរគុណចំពោះបេសកកម្មរបស់ឯកឧត្ដម Sardar Umar Alam ក្នុងពេលមកបំពេញបេសកកម្មជាតំណាងយូណេស្កូប្រចាំនៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការការពារបេតិកភណ្ឌជាតិ។
ក្នុងឱកាសនោះ ឯកឧត្ដម Sardar Umar Alam បាននឹករលឹកនិងអរគុណជាពិសេសនៅក្នុងពេលដែលកូវីដ-១៩ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់អង្គការអន្តរជាតិនានា។ ក្នុងនោះ អង្គការបុគ្គលិករបស់យូណេស្កូក៏ទទួលបានការយកចិត្តទុកដាក់ពីសម្ដេចតេជោ និងពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត ឯកឧត្តម បានអរគុណចំពោះសម្ដេចតេជោ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេចបានគាំទ្រសកម្មភាពរបស់អង្គការយូណេស្កូគ្រប់បែបយ៉ាង ហើយការគាំទ្រនេះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជាមានភាពល្អប្រសើរនិងរីកចម្រើនជាបន្តបន្ទាប់។
ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្ដម Sardar Umar Alam សម្ដេចតេជោ បន្តថា កម្ពុជាវិញទេដែលត្រូវអរគុណចំពោះក្រុមការងារក៏ដូចជាអង្គការយូណេស្កូដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យការពារបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាក្នុងវិស័យអប់រំដែលអង្គការយូណេស្កូបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជា។
សម្ដេចតេជោ លើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើនត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបិយ និងអរូបីដែលបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ហើយមិនអាចខ្វះបាននូវតួនាទីរបស់អង្គការយូណេស្កូក្នុងការជួយជ្រោមជ្រែងនៅក្នុងបញ្ហា ក៏ដូចជាការការពារ និងជំរុញការផ្ដល់ជាយោបល់ដើម្បីធ្វើឱ្យកម្ពុជាអាចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











