跳至正文
西哈努克省电视台 · 官方网站
登录

ពីថ្ងៃ១៩ដល់ថ្ងៃ២៨កញ្ញាកម្ពុជារងឥទ្ធិពលព្យុះ៣ផ្ទួនគ្នានាំឱ្យមានភ្លៀងធ្លាក់កើនដល់៧០ភាគរយ

历史原文 · 暂无当前语言译文

កម្ពុជា បន្តរងឥទ្ធិពលពីព្យុះចំនួន៣ផ្ទួនៗគ្នារួមមាន ព្យុះទី១៧ ឈ្មោះ មីតាក ព្យុះទី១៨ឈ្មោះរ៉ាហ្គាសា និងព្យុះទី១៩ឈ្មោះនេហ្គារី ដែលនាំឱ្យបណ្តារាជធានី-ខេត្តស្ទើរទូទាំងប្រទេសមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តបលើផ្ទៃដីពី៦០ទៅ៧០ភាគរយ ពីថ្ងៃទី១៩ដល់ថ្ងៃទី២៨ ខែកញ្ញា។ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា គន្លងផ្លូវដើររបស់ព្យុះទាំងនេះ ពុំមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជានោះទេ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបញ្ជាក់បន្ថែមថា ព្យុះទាំងនេះ បានវិវត្តចេញពីសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ ក្រសួងធនធានទឹក ឱ្យដឹងថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៦០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ មានបរិមាណទឹកភ្លៀងកើនឡើងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៧០ភាគរយ។

ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៧០ភាគរយ ខណៈរលកសមុទ្រខ្លាំងៗមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ ២,៥០ម៉ែត្រ។

យោងលើការព្យាករដូចបានជម្រាបខាងលើ ក្រសួងធនធានទឹក បញ្ជាក់ដូច្នេះថា៖ «សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក»។ ក្រសួងធនធានទឹក នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…