ក្រសួងធនធានទឹក និងឧតុនយម បានឱ្យដឹងថា ព្យុះទី១៧ ឈ្មោះមីតាក (Mitag) T2517 បានអស់ឥទ្ធិពល ប៉ុន្តែព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា (Ragasa) T2518 និងព្យុះទី១៩ ឈ្មោះនេហ្គារី (NeogurI) T2519 បានវិវត្តទៅជាព្យុះសង្ឃរា មានឥទ្ធិពលលើកម្ពុជា ដែលនាំឱ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែកញ្ញា។ ប៉ុន្តែទោះជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ ពុំមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជានោះទេ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ព្យុះទាំងពីរនេះ ក៏មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ហើយបក់លើសមុទ្ររអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើប្រទេសកម្ពុជា។
ស្ថានភាពបែបនេះ បើតាមក្រសួងធនធានទឹក បញ្ជាក់ថា តំបន់វាលទំនាប់ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លផ្ទៃដី៥០ភាគរយ។
ដោយឡែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ៥៥ភាគរយ។ ចំណែកតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់លើផ្ទៃដី ៣៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រទៅ ១,៧៥ម៉ែត្រ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត


