跳至正文
西哈努克省电视台 · 官方网站
登录

នាយករដ្ឋមន្រ្តីបញ្ជាឱ្យស្ថាប័នជំនាញត្រៀមជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់

历史原文 · 暂无当前语言译文

ឆ្នាំនេះនឹងមានទឹកជំនន់ធំដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ដូច្នេះសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យស្ថាប័នជំនាញដូចជា៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ និងផលដំណាំរបស់កសិករ។ តាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែកញ្ញា សម្តេចធិបតីណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ ព្រោះឆ្នាំនេះនឹងមានទឹកជំនន់ធំដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិកដែលនឹងរងផលប៉ះពាល់។

ភ្លាមៗក្រោយពីមានបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចាត់វិធានការបន្ទាប់ដោយឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីខេត្តកោះប្រជុំសមាជិកបន្ទាន់ ដើម្បីពិនិត្យផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបនិងបែងចែកកម្លាំងជួយសង្គ្រោះក្នុងគ្រោះទឹកជំនន់នារដូវវស្សានេះ។ ក្នុងនោះ ក៏បានណែនាំឱ្យកំណត់ទីទួលសុវត្ថិភាពនិងជូនដំណឹងដល់ពលរដ្ឋឱ្យបានជ្រាបអំពីទីតាំងនៃទីទួលសុវត្ថិភាពទាំងនោះ និងណែនាំឱ្យកំណត់អត្តសញ្ញាណគ្រួសាររងផលប៉ះពាល់ដោយគ្រោះមហន្តរាយដែលត្រូវការជំនួយសម្រាប់ជម្លៀស ហើយត្រូវចាត់តាំងមន្រ្តីបង្គោលខេត្តឱ្យទទួលបន្ទុកលើការគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ។ ចំណែក មន្រ្តីឃុំ-សង្កាត់ត្រូវប្រមូលព័ត៌មានគ្រោះមហន្តរាយដោយប្រើទម្រង់ «ការប៉ាន់ប្រមាណវាយតម្លៃផផលប៉ះពាល់ឆាប់រហ័សនៃផលប៉ះពាល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ» ហើយបញ្ជូនមកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ខណ្ឌ ដើម្បីបញ្ចូលក្នុងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) បានទាន់ពេលវេលា។

លើសពីនេះ ត្រូវតាមដានការព្យាករអាកាសធាតុ និងការព្យាករកម្ពស់ទឹករបស់ក្រសួងធនធាទឹក និងឧតុនិយម ហើយផ្សព្វផ្សាយដល់ពលរដ្ឋតាមប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ និងបណ្តាញព័ត៌មាននានានៅក្នុងរាជធានី-ខេត្ត, ព្រមទាំងលើកទឹកចិត្តពលរដ្ឋនិងអាជ្ញាធរឱ្យតាមដានព័ត៌មានជាប្រចាំពីប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ដោយឡែក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមជនងាយរងគ្រោះដូចជា៖ ស្រ្តីមានផ្ទៃពោះ ចាសជរា ជនមានពិការភាព អ្នកជំងឺរាំរ៉ៃ និងកុមារតូចៗ ហើយត្រូវធ្វើការជាប់ជាប្រចាំជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនូវគ្រប់បញ្ហា ឬការគាំទ្រនានា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…