跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាបង្ហាញការសោកស្តាយនៅមុខ UN ពីសកម្មភាពរាប់មិនអស់របស់សៀមរំលោភដែនអធិបតេយ្យកម្ពុជា

历史原文 · 暂无当前语言译文

摘要

នៅចំពោះមុខកិច្ចប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបង្ហាញការសោកស្តាយចំពោះសកម្មភាពរាប់មិនអស់របស់ពួកឈ្លានពានសៀមដែលរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា។ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងបន្ថែមថា បទឈប់បាញ់នៅមានភាពផុយស្រួយ ទោះបីជាមានការប្តេជ្ញាចិត្តពីប្រទេសទាំងពីរក្នុងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ ដើម្បីកសាងទំនុកចិត្ត និងស្តារស្ថានភាពដូចដើមឡើងវិញក៏ដោយ។ តែការសំខាន់បំផុតគឺក

នៅចំពោះមុខកិច្ចប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបង្ហាញការសោកស្តាយចំពោះសកម្មភាពរាប់មិនអស់របស់ពួកឈ្លានពានសៀមដែលរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា។ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងបន្ថែមថា បទឈប់បាញ់នៅមានភាពផុយស្រួយ ទោះបីជាមានការប្តេជ្ញាចិត្តពីប្រទេសទាំងពីរក្នុងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ ដើម្បីកសាងទំនុកចិត្ត និងស្តារស្ថានភាពដូចដើមឡើងវិញក៏ដោយ។ តែការសំខាន់បំផុតគឺការគោរពលើពាក្យពេចន៍ និងស្មារតីនៃកិច្ចព្រមព្រៀង ត្រូវស្របគ្នានឹងការអនុវត្តជាក់ស្តែង។

រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងយ៉ាងដូច្នេះ៖ «គួរឱ្យសោកស្តាយ ការបន្តសកម្មភាពឯកតោភាគីដើម្បីយកអធិបតេយ្យទឹកដីពីសំណាកប្រទេសជិតខាងរបស់កម្ពុជា ដោយប្រើកងកម្លាំងជំនួសឱ្យយន្តការដែលបានព្រមព្រៀងគ្នា ផែនទីឯកតោភាគីជំនួសឱ្យផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិស្របតាមសន្ធិសញ្ញា ដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរ និងសកម្មភាពរាប់មិនអស់ដែលបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងសន្តិភាព»។

ដោយឡែក អ្វីដែលជាបញ្ហាព្រួយបារម្ភបំផុតនោះ គឺឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើការបណ្តេញពលរដ្ឋកម្ពុជាដោយបង្ខំ ការគំរាមកំហែងប្រើច្បាប់អាជ្ញាសឹកប្រឆាំងនឹងពលរដ្ឋខ្មែរ និងការបណ្តេញប្រជាជនកម្ពុជារាបរយគ្រួសារទៀតចេញពីភូមិដ្ឋានដែលពួកគេបានរស់នៅអាស្រ័យផលអស់រាប់ទសវត្សមកហើយ។ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានអះអាងបន្ថែមថា ការចូលកាន់កាប់ទឹកដីនៅលើតំបន់ដែលមិនទាន់ត្រូវបានខណ្ឌសីមាព្រំដែន បង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ពីការមិនគោរពលក្ខខណ្ឌនៃបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងទាំងសងខាងផ្សេងៗទៀតពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែន។

ទង្វើខាងលើនេះ បានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាមួយគ្នានេះសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាច្រើនក៏ត្រូវបានបំពាន។ នេះបើតាមការលើកឡើងបន្ថែមរបស់ឯកឧត្តម ប្រាក់ សុខុន។

បន្ថែមពីនេះ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសតូច ផ្តោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ។ ខណៈពេលដែលយើងតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង ការប្រើប្រាស់កម្លាំងគឺជាជម្រើសចុងក្រោយបំផុត។ ឯកឧត្តមរដ្ឋមន្រ្តី អះអាងទៀតថា កម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…