ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសថា នឹងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនចំនួន ១០០ ខ្នងក្នុងមួយឆ្នាំ រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០។
សម្តេចតេជោ បានធ្វើប្រកាសនេះ ក្នុងឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលបានប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
សម្តេចតេជោ បានលើកឡើងថា គម្រោងសាងសង់ផ្ទះនេះ គឺមានគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
សម្ដេចតេជោ ក៏បានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ មានផ្ទះចំនួន ៥៤០ ខ្នងត្រូវបានសាងសង់ជូន ដោយក្នុងនោះ រួមមានផ្ទះ ១០០ ខ្នងជាអំណោយផ្ទាល់ពីសម្តេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខណៈដែលផ្ទះ ៤៤០ ខ្នងទៀតជាអំណោយពីឯកឧត្តម លោកជំទាវ និងសប្បុរសជននានា។
ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បន្ទាប់ពីឆ្នាំ ២០៣០ រួចទៅ គាត់នឹងបន្តពិនិត្យ និងពិចារណាការជួយសាងសង់ផ្ទះដល់អតីតយុទ្ធជន និងនិវត្តជន ដើម្បីបន្តលើកទឹកចិត្ត និងគាំទ្រដល់ជីវភាពរបស់ពួកគេ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ







